រដ្ឋសភាកម្ពុជា ស្នើហុងគ្រីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ផ្សារភ្ជាប់ វប្បធម៌ ទេសចរណ៍ឱ្យមានភាពស៊ីជម្រៅថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា កាលពីថ្ងៃទី២៦ តុលា បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្ត ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញការវិនិយោគនិងទេសចរណ៍ នាទីក្រុងប៊ុយដាប៉ែស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមព្រឹទ្ធសភាកម្ពុជា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ភ្ជាប់ទំនាក់ទេសចរណ៍ វប្បធម៌ និងប្រពៃណីនៃប្រទេសទំាងពីរ ក្នុងការឈានទៅឆ្ពោះការលើកកម្ពស់ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការអប់រំ រវាងប្រទេសទំាងពីរឱ្យកាន់តែររីកចម្រើនឡើង នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។

សម្តេចរដ្ឋសភា ឃួន សុដារី បានវាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះ ការរីកចម្រើនដ៏អស្ចារ្យ នៃរដ្ឋធានីប៊ុយដាប៉ែស។ សម្តេចបានលើកឡើងថាទោះបីមានការរីកចម្រើនយ៉ាងណាក្តី ហុងគ្រីរក្សានូវអត្តសញ្ញាណ ប្រពៃណី វប្បធម៌ ជាពិសេសតម្លៃស្ថាបន្យកម្មអស្ចា្យ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចបានស្នើភាគីហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការផ្សារភ្ជាប់ វប្បធម៌ ទេសចរណ៍ប្រទេសទំាងពីរ ឱ្យមានភាពស៊ីជម្រៅថែមទៀត ដើម្បីបន្តកសាងសហថាមវន្ត សំដៅរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី តំបន់ និងអន្តរជាតិ ។ លើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យកាន់តែល្អប្រសើរ ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ។

សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្រ្តនិងទេសចរណ៍ ដែលគណៈប្រតិភូរដ្ឋសភា សភាកម្ពុជា បានធ្វើទស្សនកិច្ចមាន Castle District of Buda ដែលមានប្រភពនៃ តាំងទីលំនៅ របស់រ៉ូម៉ាំង Aquincum ហើយក្លាយជារដ្ឋធានី ម៉ាហ្គារ (Magyar) នៅសតវត្សរ៍ទី១៣ ។ ភាពល្បីល្បាញ Castle District of Buda ជាបេតិកភណ្ឌមជ្ឈិមសម័យ និងស្ថាបត្យកម្មបែបអឺរ៉ុប សម័យបុរាណ ប៊ូដា មានកន្លែងប្រវត្តិសាស្ត្រជាច្រើន។

ទស្សនា Freshman’s  ដែលជាសំណង់បែបអឺរ៉ុបសម័យបុរាណ និងបែបរ៉ូម៉ាំងថ្មី សាងសង់ពីឆ្នាំ១៨៩៥ ដល់ ១៩០២ ដើម្បីអបអរខួប ១០០០ឆ្នាំនៃរដ្ឋហុងគ្រី។ លើសពីនោះ ក៏ទស្សនា Bastion Central Market Hall ដែលសំណង់បុរាណបានកែច្នៃជាទីផ្សារមានលក់របស់របរជាច្រើនពិសេសចំណីអាហារ ។

បន្ថែមពីនោះ ក៏ថែមទាំងបានអញ្ជើញទស្សនា Heroes’ Square និងព្រះមរបរាជវំាង Gödöllő ។ ព្រះបរមរាជវាំង Gödöllő គឺជាវិមានដ៏សំខាន់បំផុត និងធំបំផុតនៃស្ថាបត្យ កម្មរាជវាំងហុងគ្រី។ វាជាអគារ ដ៏ចម្លែកមួយនៅលើផ្ទៃដី ១ ៧០០ ម៉ែត្រការ៉េជាមួយ នឹងឧទ្យានទំហំ ២៨ហិចតា ផងដែរ៕