រដ្ឋមន្រ្តីពាណិជ្ជកម្ម ចាប់ដៃជាមួយអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្សី ជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សាររុស្ស៊ី

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Vladimir Ilichyov អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហព័ន្ធរុស្ស៊ី នាឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីយន្តការនានា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ឱ្យកាន់តែមានភាពស៊ីជម្រៅ។ ក្នុងនោះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សាររុស្ស៊ី ព្រមទាំងបានលើកទឹកចិត្តឱ្យធុរជននៃប្រទេសទាំងពីរ ស្វែងយល់ពីឱកាសវិនិយោគទៅវិញទៅមក។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យកសិកម្ម​។ តាមរយៈ MOUនេះ ភាគីទាំងពីរបានរួមគ្នាពង្រឹង និងពង្រីកសក្តានុពលកសិកម្មរបស់ប្រទេសទាំងពីរ ដោយផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចស្នូលសំខាន់ៗ រួមមាន៖ការជំរុញកសិពាណិជ្ជកម្មតាមរយៈការពង្រីកកិច្ចសហការលើការនាំចេញនិងនាំចូលផលិតផលកសិកម្ម ព្រមទាំងបើកទូលាយទីផ្សារពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ ការលើកកម្ពស់វិស័យអប់រំ និងការស្រាវជ្រាវកសិកម្ម ដោយផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យាទំនើបៗ និងជំរុញការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែរីកចម្រើន៕