កម្ពុជា-វៀតណាម បានរៀបចំពិធីការសន្ទនាអាជីវកម្ម ប្រចាំឆ្នាំ២០២៦ (VIET NAM – CAMBODIA BUSINESS DIALOGUE 2026) ក្រោមប្រធានបទ «Trade Policies, Import/Export needs of Cambodian Market and Opportunities for Businesses in both countries» នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ពិធីការសន្ទនាអាជីវកម្ម ប្រចាំឆ្នាំ២០២៦ (VIET NAM – CAMBODIA BUSINESS DIALOGUE 2026) បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែមេសា ក្រោមអធិបតីភាព លោក NGUYEN MINH VU ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមរាស្រ្តនិយមវៀតណាម។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងជាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមរាស្រ្តនិយមវៀតណាម និងជំរុញការវិនិយោគ និងអាជីវកម្មពីប្រទេសវៀតណាមមកកាន់កម្ពុជា ព្រមទាំងផ្តោតសំខាន់ទៅលើគោលនយោបាយពាណិជ្ជកម្ម តម្រូវការនាំចេញ-នាំចូលនៃទីផ្សារកម្ពុជា និងការស្វែងរកឱកាសថ្មីៗសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ផងដែរ។
គួរឱ្យដឹងថា បើតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ ៧,៧ ពាន់លានដុល្លារ ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ ២០២៤ ដែលមានទំហំ ៧,៨។ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៧២ ពាន់លានដុល្លារ កើនឡើង ០,៨២% ចំណែកឯវៀតណាមនាំចូលមកវិញ មានតម្លៃ ៤ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៥៣%៕


