កម្ពុជា ឈ្នះក្តីលើបណ្តឹងតវ៉ាដកហូតការអនុគ្រោះពន្ធនាំចូលអង្ករទៅកាន់សហភាពអឺរ៉ុប

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា ឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ទៅកាន់សហភាពអឺរ៉ុប ដែលត្រូវបានអនុវត្តសម្រាប់រយៈពេល ៣ឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា បានឈ្នះក្តីក្នុងសំណុំរឿងលេខT-269/19 ដែលគណៈកម្មការអឺរ៉ុប បានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្តលេខ2019/76 ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។

សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ដើម្បីរកយុត្តិធម៌ សម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែង ដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។

ក្នុង​សេចក្ដី​​ប្រកាស​​របស់​​គណៈកម្មការអឺរ៉ុប បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ មករា ឆ្នាំ២០១៩តទៅ អឺរ៉ុប​​​នឹង​​កំណត់​​ដកហូត​ពន្ធលើ​អង្ករ​​នាំចូល​​ពីកម្ពុជា និងមីយ៉ាន់ម៉ា​ផងដែរ ដោយឆ្នាំទី នឹង​កំណត់​​ដកហូត​ពន្ធ​គយ​ក្នុង​តម្លៃ​១៧៥ អឺរ៉ូ ឬស្មើ​នឹង​​ប្រមាណ​ ២០០ ដុល្លារអាមេរិក ក្នុងអង្ករ​មួយតោន។ នៅឆ្នាំទី២ នឹងកំណត់​ដក​ហូតពន្ធ​​មក​នៅ​ត្រឹម ១៥០ អឺរ៉ូ ឬស្មើនឹង​ជាង ​១៧០​​ដុល្លារ​អាមរិក និងឆ្នាំទី៣ ការ​ដកហូត​ពន្ធ​​នឹងថយ​ចុះមក​នៅ ១២៥ អឺរ៉ូ ឬស្មើ​នឹង​ជាង ១៤០ ដុល្លារអាមេរិក​ នៅក្នុង​អង្ករ​មួយតោន។

សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុប មកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។

សហព័ន្ធស្រូវអង្ករ បានអះអាងជាសាថ្មីអំពីភាពជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សូមជម្រាបថា តាម​របាយការណ៍​​ពី​គណៈកម្មការ​​អឺរ៉ុប ក្នុង​មួយឆ្នាំៗ កម្ពុជា​​នាំចូល​​អង្ករ​​ទៅសហភាព​​អឺរ៉ុប​​មានជា​មធ្យម​​ប្រមាណ ជាង ២០​ម៉ឺន​តោន ហើយ​អឺរ៉ុប​​​ក៏ជា​ទីផ្សារ​​ធំមួយ​​​របស់​ វិស័យ​ស្រូវអង្ករ​កម្ពុជា​ផងដែរ។​​

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅរយៈពេល៥ខែឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ ខែឧសភា កម្ពុជានាំចេញអង្ករទៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% មានកំណើនចំនួន ៤៩.២៦% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

ក្នុងនោះ ប្រទេសបារាំង ជាប់ចំណាត់លេខ១ ក្នុងទ្វីបអឺរ៉ុប ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ។ ក្នុងរយៈពេល៥ខែមកនេះ បារាំងទិញអង្ករជាង៣.៦ម៉ឺនតោន, លេខ២ ប្រទេសហូឡង់ ចំនួនជាង១ម៉ឺនតោន៕