សម្តេចតេជោ៖ អាស៊ាន-សហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នាទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាបង្គោលចរដ៏ធំមួយ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងអាស៊ាន-សហភាពអឺរ៉ុប។ទន្ទឹមគ្នានេះ សម្តេចតេជោ ជឿជាក់ថា អាស៊ាន-សហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងពេលដែលពហុភាគីនិយម បាននិងកំពុងទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាននិងកំពុងទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហលើច្បាប់, បទដ្ឋាននិងគោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។

យ៉ាងណាមិញ សម្រាប់ដំណើរឆ្ពោះទៅមុខ សម្តេចតេជោ បានបង្ហាញការជឿជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។

ជាងនេះទៀត សម្តេចតេជោបានបន្តថា ក្នុងនាមជាប្លុកតំបន់ពីរ ដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវ, អាស៊ាន និងសហភាពអ៊ឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារនិងលើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់, បទដ្ឋាននិង គោលការណ៏ ដែលត្រូវបានទទួលស្គាល់ជាសកល សម្រាប់ការកសាងសន្តិភាព និងស្ថិរភាព និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និងជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់អាស៊ាន និងសហភាពអ៊ឺរ៉ុប ក៏ដូចជាពិភពលោកផងដែរ៕