«ផ្ដល់អាហារចិញ្ចឹមជីវិត ផ្ដល់ចំណេះពិត ចិញ្ចឹមសង្គមជាតិ!» នេះគឺពាក្យស្លោក ប្រចាំសាលារៀន ភូមិវាលរុនតាឯក ស្ថិតនៅក្នុងវត្តប្រាសាទ ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដែលទើបតែទទួលបាន ជំនួយជាសម្ភារៈសិក្សា និងស្បៀងអាហារ រួមទាំងអង្ករ ដែលទទួលបានពីសប្បុរសជននានា តាមរយៈ មូលនិធិអប់រំកុមារ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ។


យុទ្ធនាការមនុស្សធម៌នេះ ដឹកនាំដោយលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារ និងក្រុមគ្រួសារ រួមសហការជាមួយក្រុមនិស្សិតស្ម័គ្រចិត្តនៃក្លឹបសារព័ត៌មានធុរកិច្ចខេមអេដ (CamEd Business Journalism Club) ដោយបានលះបង់ទាំងកម្លាំងកាយ ចិត្ត ធនធាន ថវិកា និងពេលវេលាផ្ទាល់ខ្លួន ធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីនាំយកជំនួយទាំងអស់នោះ ចែកជូនដល់ក្មួយៗកុមារកំពុងខ្វះខាតខ្លាំង សរុបចំនួន ១៣២នាក់។
អំណោយដែលបានប្រគល់ជូនដល់ដៃសិស្សានុសិស្សកំព្រា និងក្រីក្រនាឱកាសនោះ រួមមាន៖ អង្ករផ្កាម្លិះ ចំនួន ៥បេ, កាតាប ១៣២, សៀវភៅ ២៦៤ដើម, ប៊ិក ១៣២, បន្ទាត់ ១៣២, ខ្មៅដៃ ១៣២, ជ័រលុប ១៣២ និងប្រដាប់ខួងខ្មៅដៃចំនួន ១៣២។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា៖ ចំនួនសិស្សានុសិស្សដែលស្នាក់នៅ និងសិក្សានៅសាលាភូមិវាលរុនតាឯកទាំង ១៣២នាក់ នោះ រួមមាន៖ កុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ ១០ឆ្នាំ ចំនួន ៨៧នាក់, អាយុចាប់ពី ១១ឆ្នាំ ដល់ ១២ឆ្នាំ ចំនួន ៣០នាក់ និងអាយុចាប់ពី ១៣ឆ្នាំ ដល់ ១៤ឆ្នាំ ចំនួន ១៥នាក់។
លោកបណ្ឌិត ប្រធាន មូលនិធិអប់រំកុមារ ដែលបានដឹកនាំបេសកកម្មការងារសប្បុរសធម៌ ជួយវិស័យអប់រំ រូបនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្អូនៗ ក្មួយៗក្រុមនិស្សិតនៃក្លឹបសារព័ត៌មានធុរកិច្ចខេមអេដ និងបងប្អូនសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា តាមរយៈការអំពាវនាវរបស់ លោកបណ្ឌិត លើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យការងារសប្បុរសធម៌ជួយវិស័យអប់រំ នៅសាលាដ៏ខ្សត់មួយនេះ សម្រេចបានដោយរលូន ដូចការរំពឹងទុក។
សូមជម្រាបថា សាលារៀនភូមិវាលរុនតាឯក មិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជា «មជ្ឈមណ្ឌលអប់រំ និងមណ្ឌលថែទាំកុមារ» ដ៏មានសារៈសំខាន់ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ មកម៉្លេះ ដោយក្រុមអ្នកស្ម័គ្រចិត្តជាគ្រូបង្រៀន។ បច្ចុប្បន្ន មណ្ឌលនេះបានក្លាយជាជម្រកដ៏កក់ក្តៅតែមួយគត់សម្រាប់កុមារកំព្រា និងកុមារក្រីក្រទាំង ១៣២នាក់ ដែលខ្វះលទ្ធភាព ដោយមណ្ឌលធានារ៉ាប់រងទាំងស្រុងលើការផ្តល់កន្លែងស្នាក់នៅ និងរបបអាហារបីពេលជារៀងរាល់ថ្ងៃ ក្រោមការមើលថែ និងចម្អិនអាហារយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្គោល អ្នកថែទាំ និងចុងភៅ ដែលធ្វើការដោយបេះដូងសប្បុរសធម៌យ៉ាងពិតប្រាកដ។
គួរបញ្ជាក់ផងដែរថា មូលនិធិអប់រំកុមារ ហៅកាត់ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមដំបូងរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធាន និងលោក យិន សំបូរ និពន្ធនាយកសារព័ត៌មាន ឧកញ៉ាញ៉ូស៍ ជាអនុប្រធានមូលនិធិ។
បេសកកម្មរបស់មូលនិធិជួយវិស័យអប់រំនេះ គឺកៀរគរថវិកា និងជំនួយសប្បុរសធម៌នានា យកទៅប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះលទ្ធភាពសិក្សាពិតប្រាកដនៅកម្ពុជា។ ជាពិសេស ដើម្បីគាំទ្រ និងលើកទឹកចិត្តក្មួយៗសិស្សានុសិស្ស កុំឱ្យពួកគាត់បោះបង់ការសិក្សា ក៏ដូចជាខ្នះខ្នែងបន្តស្វែងរកអាហារូបករណ៍ តាមសាកលវិទ្យាល័យ នានាជូនក្មួយៗកុមារ ដែលប្រឹងប្រែងរៀនសូត្រ ចប់ថ្នាក់បាក់ឌុប តែខ្វះលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ ថែមទៀតផង៕





















