ផ្សារទំនើបអ៊ីអន៣ មានកន្លែងដើរលើផ្ទាំងកញ្ចក់ ធ្វើឱ្យភ្ញៀវទទួលបានអារម្មណ៍ប្លែក

សង្គម​និង​សេដ្ឋកិច្ច

ផ្សារទំនើប អ៊ីអនម៉ល មានជ័យ (អ៊ីអន៣) ​​ដែល​ជា​ផ្សារ​ទំនើប​​មាន​ផ្ទៃដី​​ធំ​ជាង​គេ​បំផុត​​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​បាន​ប្រកាសបើកដំណើរការសាកល្បងជាផ្លូវការហើយ ​កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិល​មិញ​នេះ ​​​ដោយ​ក្នុង​នោះ​​ក៏​មាន​ចំណុច​ពិសេស​មួយ​ គឺ​កន្លែង​ដើរ​លើ​ផ្ទាំង​កញ្ចក់ ធ្វើឱ្យភ្ញៀវទទួលបានអារម្មណ៍ប្លែក ខុស​ពី​​​ផ្សារ​ទំនើប​អ៊ីអន​មុនៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្សារទំនើប អ៊ីអនម៉ល មានជ័យ ​​​​​​មាន​ហាង​ល្បីៗ​​សរុប​ប្រមាណ​ ២៥០​ហាង ​​​​ដែល​ធ្វើ​ឱ្យ​អតិថិជន​កាន់​តែ​មាន​ជម្រើស​សម្បូរ​បែប ជាមួយ​នឹង​ផលិត​ផល​ប្រណិតៗ​គុណភាព​ខ្ពស់។ ​ផ្សារ​ទំនើប​មួយ​នេះ ក៏​មាន​សួន​កម្សាន្ត​ (Komsan Park) ​​​​នៅ​ជាន់ទី២ និង​ជាន់​ទី​៣ ​​ដែល​​មាន​សកម្មភាព​លេង​​ជា​ច្រើន​សម្រាប់​​គ្រប់វ័យ។ លើស​ពី​នេះ ផ្សារទំនើប អ៊ីអនម៉ល មានជ័យ ​​មាន​កន្លែង​​ដើរ​លើ​ផ្ទាំង​​កញ្ចក់ ​​​​​ដែល​អ្នកដើរ​កាត់​តំបន់​នេះ នឹង​អាច​មើល​ឃើញ​ធ្លុះ​ទៅ​​ខាង​ក្រោម ​ហើយ​អ្នក​នៅ​ជាន់​ក្រោម ក៏​អាច​មើល​ឃើញ​អ្នក​ដើរ​នៅ​ខាង​លើ​ផងដែរ។

​កន្លែង​​ដើរ​លើ​ផ្ទាំង​​កញ្ចក់

សូម​ជម្រាប​ជូន​ថា ផ្សារទំនើប អ៊ីអនម៉ល មានជ័យ ជាផ្សារទំនើប ដែលមានផ្ទៃដីធំជាងគេ​នៅប្រទេសកម្ពុជា​ គឺលើសពី ១៧ ហិកតា។ ផ្សារទំនើប ដែល​មាន​តម្លៃ​ ២៨៩,៦លានដុល្លារអាមេរិក​​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​តាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ នេះ​ជា​សមិទ្ធផល​ដ៏​ធំ​ទី​៣ ​​របស់​ផ្សារទំនើប​អ៊ីអន ម៉ល បន្ទាប់ពី​ការ​បើក​ផ្សារទំនើប​អ៊ីអន ម៉ល ភ្នំពេញ (អ៊ីអន១) នៅ​ឆ្នាំ២០១៤ និង​ផ្សារទំនើប​អ៊ីអន ម៉ល សែនសុខ (អ៊ីអន២) ​​​នៅ​ឆ្នាំ២០១៨។ សម្រាប់​ផ្សារទំនើប​អ៊ីអន៣ ឆ្នាំ២០២២នេះ គឺជា​ការ​ចាប់​បញ្ចូល​គ្នា​រវាង​ការ​កម្សាន្ត ការទិញទំនិញ ​ព្រម​ទាំង​ការចែករំលែក​ចំណេះ​ដឹង​អំពី​សង្គម​​បរិស្ថាន សិល្បៈ និងបច្ចេកវិទ្យា៕