ទូតចិនគូសរំលេចពីសក្ដានុពលកម្ពុជា និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» លើវិស័យអាទិភាពទាំង៦

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ជាថ្មីពីការវាយតម្លៃខ្ពស់ចំពោះសក្ដានុពលសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីចិន ក្នុងការបន្តសហការអនុវត្តកុងសង់ស៊ីសយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម និងកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្លូវការ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន បានគូសបញ្ជាក់យ៉ាងច្បាស់ថា «កម្ពុជាមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង និងទូលំទូលាយ។ យើងរីករាយក្នុងការសហការជាមួយកម្ពុជា ដើម្បីអនុវត្តកុងសង់ស៊ីសយុទ្ធសាស្ត្រដែលសម្រេចបានដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តពង្រឹងខ្លឹមសារនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “វិស័យអាទិភាពចំនួន៦” ជំរុញការអភិវឌ្ឍ “ច្រករបៀងត្រី-អង្ករ” និង “ច្រករបៀងឧស្សាហកម្ម” ឱ្យមានវឌ្ឍនភាពជាលំដាប់ នឹងកសាងទំនាក់ទំនងចិន-កម្ពុជាឱ្យក្លាយជាគំរូនៃសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ និងរួមគ្នាសម្រេចបាននូវការស្តារឡើងវិញដ៏មហិមានៃប្រជាជាតិចិននិងប្រជាជាតិកម្ពុជា។»

ការលើកឡើងរបស់ប្រមុខការទូតចិនរូបនេះ ធ្វើឡើងស្របពេលដែលស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំពិធីលៀងសាយភោជន៍អបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយមានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា។

យោងតាមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា វិស័យអាទិភាពទាំង៦ រួមមាន នយោបាយ, សមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ក្នុងនោះ «ច្រករបៀងត្រី និងអង្ករ» មានគោលដៅប្រែក្លាយតំបន់ជុំវិញបឹងទន្លេសាបឱ្យទៅជាមជ្ឈមណ្ឌលកសិកម្មទំនើប ដើម្បីបង្កើនការកែច្នៃ និងនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិន ខណៈ «ច្រករបៀងឧស្សាហកម្ម» ផ្តោតលើការអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ភាគីចិនបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងទ្វេភាគីដែលឈរលើមូលដ្ឋាននៃការជឿទុកចិត្ត និងមិត្តភាពដែកថែបនេះ នឹងបន្តជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន និងនាំមកនូវការអភិវឌ្ឍរួមគ្នាប្រកបដោយចីរភាពសម្រាប់ប្រជាជាតិទាំងពីរ៕