ឧកញ៉ា លី ឆេង ស្ថាបនិក និងជាអគ្គនាយក នៃប៊ែលធី គ្រុប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឆ្លៀតឱកាសក្នុងថ្ងៃសម្រាក បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ សាកលវិទ្យល័យ ប៊ែលធី អន្តរជាតិ សាខាទី៣ (ទួលពង្រ) ដែលកំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក ដោយមានកម្មករប្រមាណជាង ៣៥០នាក់ កំពុងបំពេញការងារ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកឧកញ៉ាបណ្ឌិត បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ការដ្ឋានសាងសង់កំពុងដំណើរការងារគ្រឹះ និងការចាក់បេតុងប្លង់សេជាន់ក្រោមដី (Basement) ព្រមទាំងចាប់ផ្ដើមការងារសាងសង់ជាន់ទី១។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី៣ (សាខាទួលពង្រ) លើផ្ទៃដី ១១ហិតា ស្ថិតនៅអគារលេខ 6585 ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ) ដែលអាចទទួលនិស្សិតឱ្យចូលសិក្សាបានប្រមាណ ៥០,០០០នាក់ (ប្រាំម៉ឺននាក់)។
សូមជម្រាបផងដែរថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បច្ចុប្បន្នមាន ៣សាខា គឺទីតាំងទី១-ទួលស្លែង៖ ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ ទីតាំងទី២-ស្ពានអាកាសចោមចៅ៖ ស្ថិតនៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទីតាំងទី៣-ទួលពង្រ ដែលកំពុងសាងសង់។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដឹកនាំដោយលោកឧកញ៉ាបណ្ឌិត លី ឆេង ដែលជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងមាន លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យផងដែរ៕










