រដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ខូយ រីដា អភិបាលខេត្ត បានជួបសំណេះសំណាល ផ្តល់អំណោយឧបត្ថម្ភ និងជូនដំណើរប្រជាពលរដ្ឋក្រីក្រគ្មានដីធ្លីពិតប្រាកដចំនួន ១៦គ្រួសារ ចេញដំណើរទៅកាន់ទឹកដីខេត្តស្ទឹងត្រែង ដើម្បីទទួលយកផ្ទះ ១ខ្នង និងដីបង្កបង្កើនផលចំនួន ៣ហិកតាក្នុងមួយគ្រួសារ ពីកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់។

កម្មវិធី «ផ.ក.អ» គឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងដោះស្រាយបញ្ហាដីធ្លី ផ្ទះសម្បែង និងលើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ផ្សារភ្ជាប់ជាមួយការចូលរួមការពារ និងអភិរក្សធនធានព្រៃឈើឱ្យបានគង់វង្ស។ បើតាមលោក ហេង សុភាណា អភិបាលរងខេត្ត និងជាអ្នកដឹកនាំជូនដំណើរផ្ទាល់ បានបញ្ជាក់ថា ពលរដ្ឋទាំង ១៦គ្រួសារ ត្រូវបានជ្រើសរើស និងចាប់ឆ្នោតដោយតម្លាភាពពីបណ្តាក្រុង-ស្រុកនានា ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យច្បាស់លាស់ រួមមាន៖ មានសញ្ជាតិខ្មែរ ជាគ្រួសារក្រីក្រគ្មានទីលំនៅ និងដីធ្លីពិតប្រាកដ ព្រមទាំងមានស្មារតីស្ម័គ្រចិត្តខ្ពស់ក្នុងការផ្លាស់ប្តូរទីលំនៅ។
ក្នុងឱកាសនោះ លោក ខូយ រីដា បានផ្តាំផ្ញើលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំកែប្រែដីសម្បទាន ៣ហិកតានោះ ឱ្យក្លាយជាដីកសិកម្មបង្កបង្កើនផល ប្រកបមុខរបរដោយសុចរិត និងចូលរួមការពារព្រៃឈើដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនចៅ។ អាជ្ញាធរខេត្តក៏បានចាត់ចែងរថយន្តដឹកជញ្ជូន និងក្រុមការងារជួយសម្របសម្រួលរហូតដល់ទីតាំងថ្មីដោយសុវត្ថិភាព ព្រមទាំងបានឧបត្ថម្ភដល់គ្រួសារនីមួយៗនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ដើម្បីសម្រាលជីវភាពក្នុងដំណាក់កាលដំបូងផងដែរ៕





