បេក្ខជនកាតព្វកិច្ចយោធាវគ្គដំបូង ៥,០០០នាក់ ត្រូវត្រៀមខ្លួនប្រមូលផ្តុំពិនិត្យសុខភាពនៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិ បានសម្រេចជ្រើសរើសបេក្ខជនភេទប្រុសសរុបចំនួន ៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦ ព្រមទាំងបានជូនដំណឹងដល់បេក្ខជនជាប់ឈ្មោះទាំងអស់ ត្រូវមកប្រមូលផ្តុំគ្នានៅព្រឹកព្រលឹម ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីចេញដំណើរទៅពិនិត្យកាយសម្បទា និងសុខភាពនៅតាមសាលាហ្វឹកហ្វឺន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងចុះហត្ថលេខាដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ការសម្រេចជ្រើសរើសបេក្ខជនទាំង ៥,០០០នាក់នេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការបានទទួល និងពិនិត្យយ៉ាងហ្មត់ចត់លើពាក្យសុំចូលបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋរួចមក។ ចំពោះបញ្ជីឈ្មោះលម្អិត បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ នឹងជូនដំណឹងផ្ទាល់ទៅកាន់សាមីខ្លួន ឬបេក្ខជនអាចចូលពិនិត្យដោយខ្លួនឯងតាមរយៈគេហទំព័រផ្លូវការ http://nmsc.gov.kh/ ព្រមទាំងអាចសាកសួរព័ត៌មានបន្ថែមនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថតាមមូលដ្ឋានរស់នៅ។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គដំបូង ត្រូវអញ្ជើញមកប្រមូលផ្តុំគ្នានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក នៅតាមទីតាំងដូចជា៖ ១,ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត សម្រាប់បេក្ខជនដែលរស់នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ២, បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត សម្រាប់បេក្ខជនដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មុនពេលចេញដំណើររួមគ្នាទៅកាន់សាលាហ្វឹកហ្វឺន។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក៏បានក្រើនរំលឹកដល់បេក្ខជនទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និងសម្ភារចាំបាច់មួយចំនួន រួមមាន បង្កាន់ដៃដាក់ពាក្យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនចាំបាច់មួយចំនួន ដើម្បីធានាឱ្យដំណើរការពិនិត្យកាយសម្បទា និងសុខភាព ប្រព្រឹត្តទៅដោយរលូន និងត្រឹមត្រូវតាមនីតិវិធី។

សូមជម្រាបជូនថា ការជ្រើសរើសប្រជាពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធានេះ គឺត្រូវបានអនុវត្តឡើងផ្អែកតាមព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីកាតព្វកិច្ចយោធា អនុក្រឹត្យលេខ ១៧៦ អនក្រ.បក ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា និងអនុក្រឹត្យលេខ ២៣០ អនក្រ.បក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការជ្រើសរើសប្រជាពលរដ្ឋខ្មែរដើម្បីចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦៕