កម្ពុជា និង FAO ប្តេជ្ញាបន្តសហការលើសុវត្ថិភាពចំណីអាហារ ការប្រយុទ្ធនឹងភាពស៊ាំឱសថ និងការអប់រំសុខភាព

សង្គម​ និង​សេដ្ឋកិច្ច

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការងារជាផ្លូវការនៅកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល កាលពីររសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ FAO ក្រោមការដឹកនាំរបស់លោកស្រី Rebekah Bell ក្នុងអំឡុងអាណត្តិ (២០២២–២០២៦) ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងបានចូលរួមចំណែកគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជានាពេលកន្លងមក។

ជាការឆ្លើយតប លោកស្រី Rebekah Bell បានថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលតែងតែផ្តល់អាទិភាពខ្ពស់លើកិច្ចសហការអន្តរវិស័យ ជាពិសេសការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។ ទន្ទឹមនឹងនេះ លោកស្រីតំណាង FAO ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាល រួមមាន៖ ១. យន្តការ «សុខភាពតែមួយ» ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងរវាងសត្វនិងមនុស្ស ព្រមទាំងការប្រយុទ្ធនឹងភាពស៊ាំឱសថ (AMR) ២. ការពង្រឹងសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធស្បៀង ព្រមទាំងអាហារូបត្ថម្ភ ៣. ការអនុវត្ត និងតម្រង់ទិសក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេស (Country Programming Framework 2024–2028)។

ជាកិច្ចបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងជោគជ័យនៃបេសកកម្មរបស់លោកស្រី Rebekah Bell ព្រមទាំងបានស្នើឱ្យអង្គការ FAO បន្តសហការជាមួយក្រសួងសុខាភិបាលក្នុងការរៀបចំសារអប់រំស្តីពីការបរិភោគអាហារត្រឹមត្រូវ ដើម្បីកែប្រែឥរិយាបថរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមសិក្សាស្រាវជ្រាវថ្មីៗ សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល៕