អតីតអគារ​​ក្រុមហ៊ុន​ស្រាបៀអង្គរ​​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម ក្លាយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​របស់​ក្រុមហ៊ុន​ព្រីនស៍

សង្គម​និង​សេដ្ឋកិច្ច

ទីតាំង​អគារ​​ការិយាល័យ​ក្រុមហ៊ុន​ Cambrews ដែល​ជា​គេ​ស្គាល់​ជា​ក្រុមហ៊ុនផលិត​​ស្រាបៀ​អង្គរនៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​ក្បែរ​ស្ថានទូត​ម៉ាឡេស៊ី ត្រូវ​បាន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍​ទិញយក និង​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​ហាង​លក់​ទំនិញ និង​ជា​អាហារដ្ឋាន​ទំនើប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលពាណិជ្ជកម្មព្រីនស៍ ថាមស៍ សឃ្វែរ ក្រោយ​បាន​រៀបចំ​កែប្រែជា​អគារទំនើបចម្រុះដែលមានអាហារឆ្ងាញ់ៗ និងហាងលក់​ទំនិញទាន់សម័យ បាន​ចាប់ផ្តើម​បើកដំណើរការសាកល្បងកាល​ពីថ្ងៃទី ២៥ ខែកុម្ភៈ ម្សិលមិញនេះ។ព្រីនស៍ ថាមស៍ សឃ្វែរ ត្រូវបានសាងសង់បែរមុខទៅផ្លូវធ្វើដំណើរ និងមានទំហំសរុប 5,278 m²។

ព្រីនស៍ ថាមស៍​ សឃ្វែរ ប្រមូលផ្តុំទៅដោយភោជនីយដ្ឋានល្បីៗជាច្រើននៅខ្មែរ ដូចជា Da Tang Restaurant ដែលមានអាហារពិសេសរបស់ទីក្រុងស៊ីអាន ប្រទេសចិន និងChuan Ma Po ដែលមានស៊ុបចង្កាក់ហិលរសជាតិ Sichuan ជាដើម។

ព្រីនស៍ ថាមស៍ សឃ្វែរ ដែល​មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាគម្រោងដែលត្រូវបាន​សាងសង់​ឡើងក្រោមការវិនិយោគរបស់ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា។

ព្រីនស៍រៀលអ៊ីស្ទេតគ្រុប ​ជា​បុត្រ​សម្ព័ន្ធ​របស់ Prince Holding Group របស់​អ្នក​ឧកញ៉ា​ចេន ហ្សី។ គម្រោងអចលនទ្រព្យ​ជាច្រើន​ត្រូវ​បាន​សាងសង់​នៅភ្នំពេញក្រោម​ក្រុមហ៊ុន​ព្រីនស៍​រៀល​អ៊ីស្ទេត​គ្រុប ដូចជាអគារទីស្នាក់ការកណ្តាលព្រីនស៍ ហូលឌីង គ្រុប មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា និងព្រីនស៍ ម៉ូឌើន ផ្លាហ្សា​ជាដើម៕