អន្តរក្រសួង កាលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានរួមគ្នារៀបចំសន្និសីទស្តីពី ការអភិវឌ្ឍ និងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមមូលបទ «ការបើកចំហកាលានុវត្តភាពវិនិយោគ» សំដៅឈានទៅលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។

សន្និសីទស្តីពី ការអភិវឌ្ឍនិងទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងមានតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃ ក.អ.ក. ជាច្រើនរូប។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនដែលកំពុងប្រតិបត្តិការ និងមានបំណងស្វែងរកឱកាសពង្រីកខ្សែច្រវាក់ផលិតកម្ម និងបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណជាង ១០០ស្ថាប័ន។

ឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែចាត់ទុកវិស័យឯកជនជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងតួនាទីជាអ្នកសម្របសម្រួល និងគាំទ្ររាល់សកម្មភាពវិនិយោគយ៉ាងសកម្មផងដែរ។ ជាមួយគ្នានេះ លោកបានរំលេចអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងកម្ពុជា-ចិន ក្នុងនាមជា «មិត្តដែកថែប និងជាកិច្ចសហប្រតិបត្តិការយូរអង្វែង» ផ្តល់នូវបរិយាកាសអំណោយផល និងជំនឿចិត្តខ្ពស់ដល់វិនិយោគិនចិន។
សូមជម្រាបដែរថា សន្និសីទនេះបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន ដែលជាសញ្ញាណដ៏ល្អមួយក្នុងការទាក់ទាញរលកវិនិយោគថ្មីៗបន្ថែមទៀត ពិសេសក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃចំណីអាហារ ដែលជាវិស័យផ្តល់នូវតម្លៃបន្ថែមខ្ពស់ចំពោះប្រទេសកសិកម្មដូចជាកម្ពុជា និងបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ហ្សាលីន

