ផ្លាកលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកឱ្យដំណើរការជាផ្លូវការនេះមានគោលបំណងដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ និងបង្កើតជម្រើសបន្ថែមសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ក្នុងការស្នើសុំលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពង្រឹងយន្តការកៀរគរចំណូលថវិកាជាតិបន្ថែម និងដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈទី៤ នៅផ្សារទំនើបអូឡាំព្យា ដើម្បីបង្ខិតសេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការ បង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងដល់ប្រជាពលរដ្ឋ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ បានលើកឡើងថា ការបើកឱ្យប្រើប្រាស់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអូឡាំព្យា នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់អាទិភាពសម្រាប់ជំរុញកំណើនប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាល តាមរយៈការប្រើប្រាស់សក្តានុពលបច្ចេកវិទ្យាឌីជីថល។

សូមបញ្ជាក់ថា​ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន បានដាក់លក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអាចឱ្យប្រជាពលរដ្ឋ ចូលទៅស្វែងរកលេខចុះបញ្ជីដែលខ្លួនពេញចិត្ត ហើយអាចបំពេញពាក្យស្នើសុំចុះបញ្ជី និងពាក់ផ្លាកលេខ៕