គណៈប្រតិភូកម្ពុជា និងមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ២៥រូប បានទៅចូលរួមវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ធ្វើឡើងនៅសាកលវិទ្យាល័យ Chongqing Jiaotong University ទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ចំណេះដឹង ជំនាញបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងចិន លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងស្វែងយល់ពីការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៃវិស័យដឹកជញ្ជូន។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកសាស្ត្រាចារ្យ LUO Jun នាយករងសាកលវិទ្យាល័យ Chongqing Jiaotong University បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ជាមួយគ្នានេះ តំណាងគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ដែលបានផ្តល់ឱកាសដ៏មានតម្លៃដល់មន្ត្រីកម្ពុជាក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នេះ។ តំណាងគណៈប្រតិភូក៏បានបង្ហាញនូវជំនឿជឿជាក់ថា ចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវបានយកទៅអនុវត្តក្នុងការបំពេញការងារជាក់ស្តែង ដើម្បីចូលរួមជំរុញការធ្វើទំនើបកម្មវិស័យដឹកជញ្ជូននៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះក៏ជាការរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ជាពិសេសក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់ប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន

