រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីក្រុងពាលី និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដើម្បីត្រៀមបើកព្រឹត្តិការណ៍ប្រណាំងទូកខេត្តតាកែវ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរូបសំណាក «បង្កងតាកែវ» ដែលជានិមិត្តរូបតំណាងឱ្យសក្តានុពលដ៏ល្បីល្បាញរបស់ខេត្ត ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។

យោងតាមសំណេរលើបណ្ដាញសង្គមផ្លូវការរបស់ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ កាលពីថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងទូកនេះ នឹងត្រូវប្រារព្ធឡើងរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងសួនច្បារមាត់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ នៅក្នុងការប្រកួតប្រជែងនេះ មានទូកចូលរួមសរុបចំនួន ៣៦ ទូក មកពីបណ្តាមូលដ្ឋាននានាក្នុងខេត្ត។
ទន្ទឹមនឹងការប្រកួតកីឡាប្រណាំងទូក រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីកម្សាន្ត និងសកម្មភាពវប្បធម៌ជាច្រើនទៀត ដើម្បីបង្កើនភាពអធិកអធមជូនសាធារណជន រួមមាន៖ ការប្រគំតន្ត្រី, ការសម្ដែងទស្សនីយភាពសិល្បៈបុរាណ, ការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារក្នុងស្រុកក្រោមគម្រោង «ភូមិមួយផលិតផលមួយ» ព្រមទាំងការបាញ់កាំជ្រួចលម្អនាពេលរាត្រីផងដែរ។ ជាមួយគ្នានេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់រូបសំណាក បង្កងតាកែវ ត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្ហាញពីអត្តសញ្ញាណកសិ-ទេសចរណ៍ដ៏សំខាន់របស់ខេត្ត។
តាមរយៈការរៀបចំនេះ អាជ្ញាធរខេត្តតាកែវ បានគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ពុកម៉ែ មាមីង ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់ប្រពៃណីជាតិ និងភាពរីករាយក្នុងសហគមន៍៕








