រដ្ឋបាលខេត្តតាកែវ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរូបសំណាក បង្កងតាកែវ ដ៏ធំ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ រូបសំណាកដែលជានិមិត្តរូបសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ មានទំហំបណ្តោយប្រវែង ៦ម៉ែត្រ, ទទឹង ២,៥ម៉ែត្រ និងប្រវែងដង្កៀប ៤,៥ម៉ែត្រ ត្រូវបានដាក់សម្ពោធស្របពេលដែលវិស័យវារីវប្បកម្មចិញ្ចឹមបង្កងធម្មជាតិក្នុងខេត្ត កំពុងពង្រីកទំហំផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទូទាំងប្រទេស។

ការលើកកម្ពស់និមិត្តរូបបង្កងជាសាធារណៈនេះ ធ្វើឡើងស្របពេលដែលកសិករ និងវារីវប្បករក្នុងស្រុកអង្គរបូរី ដែលជាតំបន់ប្រភពបង្កងដ៏ល្បីល្បាញ កំពុងជំរុញខ្សែច្រវាក់ផលិតកម្មយ៉ាងសកម្ម។ លោក ព្រំ វ៉ាត អ្នកជំនាញវារីវប្បកម្ម និងជាកសិករចិញ្ចឹមបង្កង ជាង២០ឆ្នាំ នៅភូមិព្រៃសំបួរ ឃុំអង្គរបូរ ស្រុកអង្គរបូរី បានប្រាប់គេហទំព័រឧកញ៉ាញូស៍ កាលពីថ្មីៗកន្លងទៅថា ស្រុកអង្គរបូរីមានគោលដៅប្រែក្លាយទៅជាមជ្ឈមណ្ឌលផលិត និងចែកចាយបង្កងបែបធម្មជាតិធំជាងគេនៅទូទាំងប្រទេស ដោយការផ្គត់ផ្គង់ទាំងអស់នឹងចេញពីតំបន់នេះផ្ទាល់។

ដើម្បីសម្រេចគោលដៅនេះ វិស័យចិញ្ចឹមបង្កងនៅស្រុកអង្គរបូរី ទទួលបានការគាំទ្រពី «គម្រោងអភិវឌ្ឍន៍តេជោ១០០» នូវថវិកាចំនួន ២០ម៉ឺនដុល្លារ សម្រាប់ពង្រីកការចិញ្ចឹម និងបង្កាត់ពូជ។ តាមរយៈគម្រោងនេះ លោក ព្រំ វ៉ាត បានរៀបចំផែនការចិញ្ចឹមកូនបង្កងប្រមាណ ៥០ម៉ឺនកូន នៅលើផ្ទៃដី ១៥ហិកតា ដើម្បីបង្កើនបរិមាណផល និងរក្សាឱ្យបាននូវគុណភាពបង្កងធម្មជាតិដែលជាអត្តសញ្ញាណប្រចាំខេត្តតាកែវ។
លោក ព្រំ វ៉ាត ដែលធ្លាប់ត្រូវបានរដ្ឋបាលជលផលបញ្ជូនទៅរៀនបច្ចេកទេសភ្ញាស់បង្កងនៅប្រទេសវៀតណាម កាលពីឆ្នាំ២០០៦ និងបានផលិតចែកចាយកូនបង្កងជាបន្តបន្ទាប់នោះ បានបញ្ជាក់ថា ជំហានបន្តគឺការបណ្តុះបណ្តាល និងលើកទឹកចិត្តឱ្យកសិករក្នុងមូលដ្ឋានងាកពីការធ្វើស្រែសុទ្ធសាធ មកចាប់យករបរចិញ្ចឹមបង្កងបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ លោកបានបន្ថែមថា ដោយសារមានការជំរុញពីរដ្ឋបាលជលផល បច្ចេកទេសច្បាស់លាស់ និងទីផ្សារគាំទ្រ លោកជឿជាក់ថាស្រុកអង្គរបូរីពិតជាអាចក្លាយជាតំបន់ចែកចាយបង្កងធំជាងគេបាន។
វត្តមានរូបសំណាក បង្កងតាកែវ ទំហំ ៦ម៉ែត្រ ដែលទើបសម្ពោធនេះ មិនត្រឹមតែជាការរៀបចំសោភ័ណភាពក្រុងដូនកែវ និងបម្រើដល់ការទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ពីភាពរីកចម្រើននៃមុខរបរវារីវប្បកម្ម ដែលជាសរសៃឈាមសេដ្ឋកិច្ចស្នូលមួយរបស់ប្រជាពលរដ្ឋខេត្តតាកែវផងដែរ៕




