នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ព្រះរាជាណាចក្រកម្ពុជានឹងមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និងកិច្ចប្រជុំកម្រិតអន្តរជាតិជាច្រើន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងចំណោមព្រឹត្តិការណ៍ទាំងនោះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20e Sommet de la Francophonie) នឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ ស្របពេលជាមួយគ្នានេះ ក៏មានការរៀបចំព្រឹត្តិការណ៍អម រួមមាន «ភូមិហ្វ្រង់កូហ្វូនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា និងព្រឹត្តិការណ៍ «ហ្វ្រង់កូតិច» ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាផងដែរ។
ចំពោះពិធីបុណ្យជាតិ កម្ពុជានឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៧៤ នៅថ្ងៃទី៩ ខែវិច្ឆិកា នៅទូទាំងប្រទេស។ បន្ទាប់មក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដូចដែលធ្លាប់បានរៀបចំជារៀងរាល់ឆ្នាំ។
សម្រាប់វិស័យកីឡា ពាណិជ្ជកម្ម និងសហគមន៍ រួមមាន ការរៀបចំពិព័រណ៍ផលិតផលខ្មែរ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា, ព្រឹត្តិការណ៍ជិះកង់ Audax អបអរទិវាឯករាជ្យ និងឆ្ពោះទៅកិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅថ្ងៃទី៨ ខែវិច្ឆិកា, កម្មវិធី «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» នៅថ្ងៃទី៨ ខែវិច្ឆិកា និងកម្មវិធី «រត់អបអរសាទរពិធីបុណ្យឯករាជ្យជាតិ» នៅថ្ងៃទី៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នឹងធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខណៈទិវាសហគ្រិនភាពកម្ពុជា នឹងរៀបចំនៅថ្ងៃទី១៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ ដោយឡែកនៅខេត្តមណ្ឌលគិរី នឹងមានការរៀបចំព្រឹត្តិការណ៍ «សម្លប្រូងបំពង់ឫស្សី» ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។
ទន្ទឹមនឹងនេះ ខែវិច្ឆិកាក៏ជាពេលវេលានៃការរំលឹកខួបនៃការចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ក្នុងបញ្ជីអង្គការយូណេស្កូ (UNESCO) ផងដែរ រួមមាន ខួបលើកទី២៣ នៃរបាំព្រះរាជទ្រព្យ នៅថ្ងៃទី៧ ខែវិច្ឆិកា, ខួបនៃការចុះបញ្ជីល្ខោនស្រមោលស្បែក នៅថ្ងៃទី២៥ ខែវិច្ឆិកា, ល្ខោនខោលវត្តស្វាយអណ្តែត នៅថ្ងៃទី២៨ ខែវិច្ឆិកា, គុនល្បុក្កតោ នៅថ្ងៃទី២៩ ខែវិច្ឆិកា និងចាប៉ីដងវែង នៅថ្ងៃទី៣០ ខែវិច្ឆិកា៕





