សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជនទាំងពីរអាចប្រដូចទៅនឹងឈាមក្រហមដែលអាចចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាប់ផ្តើមដំណើរ​ទស្សនកិច្ច​ផ្លូវការក្នុងប្រទេសបារាំងនៅថ្ងៃទី១៨ ខែមករានេះ បន្ទាប់ពីសម្តេចត្រឡប់ពីប្រទេសស្វីសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ ដំណើរដល់ទីក្រុងបារីសសម្តេចធិបតីបានទទួល​​ស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង នៅវិមានប្រធានាធិបតីអេលីហ្សេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អេម៉ានុអែល ម៉ាក្រុង បានធ្វើសន្និសីទព័ត៌មាន​រួម​គ្នា។ ក្នុងសន្និសីទនោះប្រធានាធិបតីបារាំងបានរំលឹកពីតួនាទីបារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់ជំនួបសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំង នៅក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលនាំទៅការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដែលជាការរួមចំណែកយ៉ាងសំខាន់របស់បារាំង នៅក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាំងពីពេលនោះមក។ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង AFD បានធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើមាគ៌ាឆ្ពោះទៅប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

សម្តេចធិបតីនាយករដ្ឋមន្រ្តីថ្លែងថា៖ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលថ្មី ខ្ញុំសូមបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់រប​ស់​កម្ពុជា នៅក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង សហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅពេលនេះ យើងទាំងពីរអាចជជែកគ្នានៅក្នុង​ការពង្រឹង​ពង្រីកទំនាក់ទំនងប្រទេសយើង អាចពិនិត្យលទ្ធភាពលើកតម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសយើងទាំងពីរ»។

សម្តេចធិបតី ក៏បានគូសរំលេចពីសារៈសំខាន់នៃតួនាទីរបស់វិស័យឯកជននៃប្រទេសទាំងពីរផងដេរ។ សម្តេចបានលើកឡើងថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ នៃប្រទេសទាំងពីរពិតជាមានសារៈសំខាន់ ហើយអ្វីដែល​ចាំបាច់ និងសំខាន់ដែរនោះ គឺទំនាក់ទំនងរវាងវិស័យឯកជន។ ជាពិសេសវិស័យឯកជនទាំងពីរ យើងអាចប្រដូចទៅនឹងឈាមក្រហមដែលអាចចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។

សម្តេចធិបតីថ្លែងថា «អាចនិយាយបានដោយមោទនភាពថា ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជនក្នុងផ្នែកវិនិយោគ និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់លើគ្រប់វិស័យ។ ក្នុងន័យនេះ ខ្ញុំចង់ឃើញថា ទំនាក់ទំនងផ្នែកវិនិយោគ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ កាន់តែមានការកើនឡើងនៅក្នុងទំហំទ្វេដង»។

ទន្ទឹមនឹងនេះសម្តេចធិបតីក៏បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាពេលនេះ ជាពិសេសជំនួបជាមួយឯកឧត្តមប្រធានាធិបតីនៅថ្ងៃនេះ នឹងអាចឱ្យយើងជជែកគ្នានៅក្នុងកិច្ចការងារ ដែលត្រូវបន្តទៅទៀតនៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង៕