ក្រសួងការពារជាតិនៃកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីបំពេញបេសកកម្មត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។

នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។
ក្រសួងការពារជាតិ បានប្រកាសសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធានដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស។
ក្រសួងការពារជាតិចាត់ទុកសកម្មភាពទាំងនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់។
សូមជម្រាបជូនថា ក្រុមអ្នកសង្កេតការណ៍ (IOT) នឹងឈរជើងនៅទីតាំងយុទ្ធសាស្ត្រចំនួនពីរក្នុងប្រទេសកម្ពុជា គឺតំបន់ព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដោយមានភារកិច្ចចំបងរបស់ពួកគេគឺការល្បាតប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ ដើម្បីធានាបាននូវការអនុលោមតាមកិច្ចព្រមព្រៀងបទឈប់បាញ់៕





