លោក ចម ប្រសិទ្ធ ជំរុញឲ្យថៃងាកមកចាប់អារម្មណ៍បណ្តាក់ទុននៅខេត្តព្រះសីហនុ និងខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើទៅកាន់ប្រតិភូក្រុមហ៊ុនវិនិយោគមកពីសភាពាណិជ្ជិកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ងាកមកចាប់អារម្មណ៍បណ្តាក់ទុននៅខេត្តព្រះសីហនុ និងខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនវិនិយោគមកពីសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃប្រមាណ៦០រូប ដឹកនាំដោយលោក SANAN ANGUBOLKUL ប្រធានសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានចាត់ទុក​ដំណើរទស្សនកិច្ច​ស្វែងយល់​របស់ប្រតិភូថៃ​ មានសារៈសំខាន់សម្រាប់ពង្រឹងទំនាក់ទំនងបន្ថែមទៀត​លលើវិស័យ​ សេដ្ឋកិច្ច​ វិនិយោគ​ និងការផ្លាស់ប្តូរពាណិជ្ជកម្ម​ខណៈពេលដែល​កម្ពុជា​កំពុងបើកដំណើរការជាប្រក្រតី​ផ្នែក​សង្គមសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យអ្នកវិនិយោគថៃ មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនថែមទៀត ពីព្រោះកម្ពុជាកំពុងមានសុខសន្តិភាពបរិបូរណ៌ មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលភាពអនុគ្រោះពាណិជ្ជកម្ម។ បន្ថែមពីនេះលោកក៏ជំរុញឲ្យភាគីថៃចាប់អារម្មណ៍បណ្តាក់ទុន នៅខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលចាត់ទុកខេត្តទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងខេត្តសៀមរាប ជាខេត្តដែលមានសក្តានុពលខ្លាំងផ្នែកទេសចរណ៌ផងដែរ។

ជាការឆ្លើយតបវិញ លោក​ SANAN ANGUBOLKUL ប្រធានសភាពាណិជ្ជកម្មនិងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ​ បានលើកឡើងដែរថា ​កម្ពុជា​ជាប្រទេស​ទី១​ ក្នុងដំណើរទស្សនកិច្ចស្វែងយល់របស់ប្រតិភូថៃ​ ក្នុងក្របខ័ណ្ឌ​ប្រទេស​ CLMV គឺកម្ពុជា​ ឡាវ​ វៀតណាម​ និងភូមា​។

លោក​បញ្ជាក់ដែរថា៖បច្ចុប្បន្ន​ សភាពាណិជ្ជកម្ម​ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ​ មានសមាជិកជាង១០ម៉ឺននាក់​ បានផ្តោតទៅលើវិស័យសំខាន់ៗរួមមាន៖ពាណិជ្ជកម្ម​ វិនិយោគ​ កសិកម្ម​ ចំណីអាហារ​ សេវាកម្ម​ និងទេសចរណ៍​ ជាដើម​ ខណៈនៅកម្ពុជា​ អ្នកវិនិយោគថៃ​កំពុងមានការបណ្តាក់​ទុនជាច្រើនផងដែរ​។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំពិភាក្សានេះដែរ ភាគីទាំងពីរ ក៏បានពិភាក្សា​ទៅលើចំណុចលើកឡើងទាំងឡាយដែលជាកង្វល់​ និងសំណូមពរពីខាងភាគីថៃ​ មានដូចជា​៖ ការពង្រឹង​ការផ្លាស់ប្តូរពាណិជ្ជកម្មតាមព្រំដែន-ការប្រើប្រាស់​បច្ចេកវិទ្យា​បៃតងក្នុងរោងចក្រ-ឧស្សាហកម្ម​ ពាណិជ្ចកម្ម​រ៉ែត្បូង-ភាពប្រុង​ប្រយ័ត្នការនាំចូលវត្ថុធាតុដើមជាសារធាតុគីមី​ និងផលិតផលពីប្លាស្ទិក​ ដែលយើងចាត់ទុកថាជាទំនិញគ្រោះថ្នាក់​ និងខូចខាតដល់បរិស្ថានជាដើម៕