លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជូនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតងឆ្នាំ២០២៦» កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីលើកទឹកចិត្តដល់យុវជន និងអ្នកផលិតមាតិកាទេសចរណ៍ ក្នុងការចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈស្នាដៃវីដេអូច្នៃប្រឌិត។

កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងសារព័ត៌មានត្នោតញូស ដោយបានបើកឱកាសឱ្យបេក្ខជនសរុបចំនួន ៨៣រូប បង្ហាញសមត្ថភាព និងទេពកោសល្យក្នុងការផលិតមាតិកាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ វប្បធម៌ និងធម្មជាតិរបស់កម្ពុជា។ ជាលទ្ធផល គណៈកម្មការបានជ្រើសរើស និងផ្តល់ការទទួលស្គាល់ដល់ជ័យលាភីចំនួន ១០រូប តាមរយៈការប្រគល់ពានរង្វាន់ក្នុងប្រភេទផ្សេងៗគ្នា ដើម្បីឆ្លុះបញ្ចាំងពីការរួមចំណែករបស់អ្នកផលិតមាតិកាក្នុងការជំរុញវិស័យទេសចរណ៍។
យុទ្ធនាការ ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ត្រូវបានដាក់ឱ្យអនុវត្តជាសាកល្បងតាំងពីឆ្នាំ២០២៥ និងបន្តអនុវត្តសម្រាប់ឆ្នាំ២០២៦ ព្រមទាំងបណ្តាឆ្នាំបន្ទាប់ ដោយផ្តោតជាសំខាន់លើការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយភ្ញៀវទេសចរឱ្យបានទូលំទូលាយ ជាពិសេសក្នុងចន្លោះខែឧសភា ដល់ខែតុលា ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ពេញមួយឆ្នាំ។
តាមរយៈយុទ្ធនាការនេះ ក្រសួងទេសចរណ៍មានគោលដៅប្រែក្លាយ រដូវកាលបៃតង ឱ្យទៅជា ឱកាសមាសបៃតង ក្នុងការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕




