៤០ថ្ងៃ គយហៅរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេង៣៥២គ្រឿង គិតជាទឹកប្រាក់ ៧,៣ លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ត្រឹមរយៈពេល ៤០ថ្ងៃ គិតមកទល់នឹងថ្ងៃទី២៦ ខែតុលា មានរថយន្តចង្កូតឆ្វេងអត់ពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងចំនួន ៣៥២គ្រឿង បានចូលទៅបង់ពន្ធ ដែលគិតជាទឹកប្រាក់ចំនួន ៥,៨លាន ដុល្លារ។ ខណៈរថយន្តចង្កូតស្តាំចំនួន ១៩០គ្រឿង បានទៅកក់ប្រាក់ពន្ធ អាករ ហើយនាំរថយន្តរបស់ខ្លួនទៅកែចង្កូត គិតជាទឹកប្រាក់ចំនួន ១,៥លានដុល្លារ។ បើសរុបទាំងប្រាក់ពន្ធអាករ និងប្រាក់កក់ គឺមានចំនួន ៧,៣លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ លោក គុណ ញឹម បានអះអាងថា ការចូលមកបង់ពន្ធរបស់ម្ចាស់រថយន្តទាំងឆ្វេង ទាំងស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ កំរិតនេះ គឺជាលទ្ធផលមួយល្អប្រសើរ បើធៀបទៅនឹងពេលវេលានៃការចាប់ផ្តើម និងដំណាក់កាលនៃការផ្សព្វផ្សាយ។

ដើម្បីជួយសម្រាលបន្ទុកដល់ម្ចាស់រថយន្ត អគ្គនាយកដ្ឋានគយ បានបន្ធូរបន្ថយតម្លៃគិតពន្ធលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ជាពិសេសប្រភេទមានឆ្នាំម៉ូដែលចាស់ៗ បន្ថែមលើការអនុគ្រោះទឹកប្រាក់ពន្ធនិងអាករចំនួន ១០% ដែលសម្រេចរួចដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទោះយ៉ាងណា អគ្គនាយកគយ និងរដ្ឋករ សង្ឃឹមថានឹងមានម្ចាស់រថយន្តអត់ពន្ធចូលទៅបង់ពន្ធជាបន្តបន្ទាប់ដោយសារនៅសល់ពេលវេលាច្រើនដល់ទៅជាង៨ខែទៀត។

ការអនុគ្រោះនេះ នឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់រថយន្តចង្កូតឆ្វេង។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់រថយន្តនៅតែអាចបង់ពន្ធអាករបាន ប៉ុន្តែត្រូវបង់ពន្ធនិងអាករពេញ ដោយគ្មានការបន្ធូរបន្ថយទៀតឡើយ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា រថយន្តអត់ពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កូតឆ្វេង និងចង្កូតស្តាំត្រូវបានស្ថាប័នគយ និងរដ្ឋករប៉ាន់ប្រមាណថា មានរហូតជិត១ម៉ឺនគ្រឿង ដែលភាគច្រើនជារថយន្តឯកជនពាក់ផ្លាកលេខកងទ័ព ឬ(ខ.ម)៕