កម្ពុជា ជំរុញយុទ្ធនាការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាល

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានរៀបចំ និងជំរុញយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធនាការនេះ បានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្រោមវត្តមាន លោក កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) និងលោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖១. ផ្សព្វផ្សាយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម លេខ ០៧០ ព.ណ ន.ហឡ. ប្រក. ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ដែលបានកែសម្រួលលើប្រកាសចាស់ និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគន្លឹះមួយចំនួន និងការអនុញ្ញាតឱ្យពង្រីកបញ្ជីផលិតផលជាដើម។២. បង្កើនការបញ្ជ្រាបការយល់ដឹងអំពីកិច្ចការហាឡាល និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា។៣. ផ្សព្វផ្សាយឱ្យបានដឹងអំពីវិធានការចំពោះភាពមិនអនុលោមក្នុងការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ឬការប្រើប្រាស់ស្លាកសញ្ញាហាឡាល ដោយមិនមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ។

សូមបញ្ជាក់ជូនថា យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៦ ដោយផ្តើមចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងបន្តទៅតាមបណ្តាខេត្តគោលដៅមួយចំនួនទៀត រួមមាន ខេត្តសៀមរាប បាត់ដំបង កំពត-កែប និងព្រះសីហនុ ដោយនឹងមានការរៀបចំបញ្ជរផ្តល់ប្រឹក្សាយោបល់ និងសម្របសម្រួលទទួលពាក្យស្នើសុំនៅទីតាំងប្រារព្ធពិធីផ្ទាល់៕ អត្ថបទ៖ហ្សាលីន