ទឹកប្រាក់ជាង ៣ពាន់លានដុល្លារ កម្ពុជាសម្រេចបានក្នុងការនាំចេញទំនិញទៅកាន់អាមេរិករយៈពេល៥ខែ

សង្គម​និង​សេដ្ឋកិច្ច

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២២ កម្ពុជានាំចេញទៅអាមេរិក សម្រេចបានទំហំទឹកប្រាក់ចំនួន ៣,៧២៩លានដុល្លារ កើនឡើងចំនួន៥៧.៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានតែ២,៣៦៤លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអគ្គនាយកដ្ឋានគយ ចំពោះអាមេរិក បាននាំចូលមកកម្ពុជាមានទឹកប្រាក់ចំនួន ១៣៤លានដុល្លារ កើនឡើងចំនួន១០.៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ១២១លានដុល្លារ។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។

ចំពោះការកើនឡើងនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនេះ អគ្គនាយកដ្ឋានគយបានគូសបញ្ជាក់ពី ភាពល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាមរិក ក្នុងការដោះដូរទំនិញរវាងគ្នា និងគ្នា។ អាមេរិក គឺជាទីផ្សារនាំចេញលេខមួយ និងជាទីផ្សារសំខាន់សម្រាប់ប្រទេសកម្ពុជា។

សូមជម្រាបជូនថា ប្រទេសដែលកម្ពុជានាំចេញច្រើនបន្ទាប់ពីសហរដ្ឋអាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១,០៧៩លានដុល្លារ, ប្រទេសកាលណាដា មានចំនួន ៤៥១លានដុល្លារ និងប្រទេសថៃមានចំនួន ៤៣៨លានដុល្លារ៕