កម្ពុជា ពន្លឿនវៀតណាមកំណត់ទីតាំងតភ្ជាប់គម្រោងផ្លូវល្បឿនលឿនចំនួន២ ដើម្បីបង្កើនពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ពន្លឿនវៀតណាមកំណត់ទីតាំងតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ ប៊ីលានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះពើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ លោក Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ ប៊ីលានដុល្លារអាមេរិក និងបានស្នើវិនិយោគិនវៀតណាមបន្តមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពន្លឿនការកំណត់ទីតាំងតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្ដេចធិបតីបានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនឱ្យមានភាពសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។

សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សាខាងលើប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានពិភាក្សាលើគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ៕ អត្ថបទ៖ហ្សាលីន