ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលនៅតែ បន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីមត្តេយ្យសិក្សាតាមរយៈកិច្ចការ និងសកម្មភាពសំខាន់ចំនួន ៤។

នេះបើយោងតាមតាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ថ្ងៃត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីដ៏មានអត្ថន័យសម្រាប់ក្មួយៗ សិស្សានុសិស្សទូទាំងប្រទេស ជាពិសេសកុមារតូចៗដែលទើបដល់អាយុចូលរៀននៅមត្តេយ្យសិក្សា និង បឋមសិក្សា ព្រមទាំងក្មួយៗដែលបានឡើងថ្នាក់ថ្មី បន្ទាប់ពីបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក។ វេលានេះ ជាឱកាសថ្មីមួយទៀតសម្រាប់ក្មួយៗបន្តសិក្សា ស្វែងយល់ និងកសាងចំណេះដឹង បំណិន និងគុណតម្លៃ សម្រាប់អនាគតផ្ទាល់ខ្លួន គ្រួសារ និងសង្គម ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
សម្តេចថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែចាត់ទុក “មនុស្ស» គឺជាធនធានដ៏សំខាន់មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយ ចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងសមត្ថភាពក្នុងការសម្របខ្លួនជាមួយនឹង ការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។
ក្នុងន័យនេះ សម្តេចថា រាជរដ្ឋាភិបាល នៅតែបន្ត យកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ហើយរាជរដ្ឋាភិបាលនៅតែបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈសកម្មភាពធំៗចំនួន៤ គឺ
១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន ២៖ ការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣៖ ការយកចិត្ត ទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណី អាហារនៅតាមសាលារៀន និង៤៖ ការជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋនិងសហគមន៍ ដើម្បីការអប់រំ»។
ជាមួយគ្នានេះ សម្តេចអះអាងថា សាលារៀនគ្រប់កម្រិតនឹងត្រូវអភិវឌ្ឍស្របតាមស្តង់ដាសាលារៀនគំរូ ដែលមានស្តង់ជាចំនួន៥ គឺរួមមាន៖ ១. លទ្ធផលសិក្សារបស់សិស្ស ២. ការបង្រៀននិងរៀន ៣. ការចូលរួមរបស់សហគមន៍ ៤. ដំណើរការ ប្រតិបត្តិនិងរដ្ឋបាលសិក្សា និង៥. គណនេយ្យភាពសាលារៀន៕ អត្ថបទ៖ហ្សាលីន

