សម្តេចធិបតី ដាក់ចេញទិសដៅលុបបំបាត់ការប្រើទូរសព្ទដៃក្នុងម៉ោងរៀននៅគ្រប់សាលារដ្ឋទូទាំងប្រទេសត្រឹមឆ្នាំ២០២៦-២០២៧

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវទិសដៅយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់សាលារៀនរដ្ឋទាំងអស់ទូទាំងប្រទេស ត្រូវលុបបំបាត់ការប្រើប្រាស់ទូរសព្ទដៃរបស់សិស្សានុសិស្សក្នុងម៉ោងសិក្សាដោយគ្មានការអនុញ្ញាតពីគ្រូ ដោយកំណត់ការអនុវត្តឱ្យបានទូទាំងប្រទេសនៅក្នុងឆ្នាំ២០២៦-២០២៧ ខាងមុខនេះ។ ការថ្លែងដាក់ចេញនូវវិធានការគន្លឹះនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ នៅវិទ្យាល័យទ្រៀល» ស្ថិតក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការគ្រប់គ្រងការប្រើប្រាស់ទូរសព្ទដៃក្នុងថ្នាក់រៀន គឺជាវិធានការចាំបាច់ដើម្បីពង្រឹងវិន័យ និងលើកកម្ពស់គុណភាពនៃការផ្តោតអារម្មណ៍រៀនសូត្ររបស់សិស្ស។ សម្តេចបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងថា បណ្តាប្រទេសជឿនលឿនជាង ១០០ ជុំវិញពិភពលោក រួមមាន សិង្ហបុរី បារាំង ចិន សហរដ្ឋអាមេរិក និងអូស្ត្រាលី សុទ្ធតែបានដាក់ចេញនូវបំរាមតឹងរ៉ឹងមិនឱ្យសិស្សយកទូរសព្ទចូលថ្នាក់រៀន ឬប្រើប្រាស់ឡើយ ដោយរក្សាទុកទាល់តែដល់ម៉ោងចេញទៅផ្ទះទើបប្រគល់ជូនវិញ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា ទោះបីជាក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមយុទ្ធនាការនេះរយៈពេល ២ឆ្នាំមកហើយក្តី ប៉ុន្តែការអនុវត្តជាក់ស្តែងនៅតាមសាលារៀនមួយចំនួននៅមានកម្រិតនៅឡើយ។ ដូច្នេះ ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧ នេះតទៅ សម្តេចចង់ឃើញគ្រប់ថ្នាក់រៀនទាំងអស់ ជាពិសេសនៅតាមសាលារដ្ឋទូទាំងប្រទេស (រួមទាំងសាលាឯកជន) មិនត្រូវឱ្យមានសិស្សប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងរៀនជាដាច់ខាត លើកលែងតែម៉ោងសិក្សាស្រាវជ្រាវ ដែលមានការអនុញ្ញាតផ្ទាល់ពីលោកគ្រូអ្នកគ្រូប៉ុណ្ណោះ។

ដើម្បីសម្រួលដល់ការអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាព សម្តេចធិបតីបានណែនាំឱ្យគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ រៀបចំជាប្រអប់ ឬទូដាក់ទូរសព្ទដៃឱ្យបានត្រឹមត្រូវនៅមុខថ្នាក់រៀន សម្រាប់ឱ្យសិស្សានុសិស្សដាក់ផ្ញើមុនពេលចូលរៀន។ ទន្ទឹមនឹងនោះ សម្តេចក៏បានក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូឱ្យពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងករណីក្មួយៗសិស្សានុសិស្សខ្លះមានទូរសព្ទដៃលើសពីមួយ ដោយដាក់ផ្ញើមួយគ្រឿង ហើយលួចទុកប្រើប្រាស់ក្នុងថ្នាក់មួយគ្រឿងទៀត៕