លោក សាយ សំអាល់ ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យ

សង្គម​និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអ្នកសម្របសម្រួលក្រុមការងារទាំង១៤ ផ្នែកឯកជន បើកកិច្ចប្រជុំត្រៀមសម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃចន្ទ ទី១៦ តុលាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកឧកញ៉ា ឧកញ៉ាតំណាងសភាពាណិជ្ជកម្ម, សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន, សមាគមអ្នកសាងសង់កម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

បើតាមសភាពាណិជ្ជកម្មកម្ពុជា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលលើកឡើងដោយផ្នែកឯកជន ដើម្បីត្រៀមក្នុងការរៀបចំសម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលគ្រោងប្រារព្ធឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្តាប់ជាប់នូវសំណូមពរ និងផលលំបាកនានារបស់វិស័យឯកជន គឺមានសារៈសំខាន់ណាស់ ក្នុងការដាក់ចេញនូវវិធានការសមស្រប ដើម្បីជួយទ្រទ្រង់វិស័យនេះ។ ការបង្កើតយន្តការដៃគូ វិស័យឯកជន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ពិគ្រោះយោបល់ និងពិនិត្យដោះស្រាយការងាររួមគ្នា លើឧស្សាហកម្មអចលនទ្រព្យ មានភាពចាំបាច់ ដែលយើងត្រូវពិនិត្យឱ្យបានឆាប់បំផុត។

ក្នុងកិច្ចប្រជុំនេះផង ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា រាល់បញ្ហាប្រឈម និងសំណូមពរ នានា ដែលលើកដោយវិស័យឯកជន ទទួលយកទាំងអស់ នឹងពិនិត្យដោះស្រាយ។

ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងថា ប្រតិបត្តិការទិញ-លក់ដីធ្លីនៅកម្ពុជា គិតពីខែមករា មកដល់ខែតុលា ឆ្នាំ២០២៣នេះ នៅតែមានភាពស្ងប់ស្ងាត់ខ្លាំង បើធៀបនឹងឆ្នាំ២០១៩ មុនផ្ទុះឡើងនៃជំងឺកូវីដ-១៩។

ឧកញ៉ាបណ្ឌិត សំ សុខនឿន ថ្លែងថា៖ ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣នេះ យើងសង្កេតឃើញថា វិស័យអចលនទ្រព្យនៅមានភាពស្ងប់ស្ងាត់។ ចំពោះដំណើរការទិញ-លក់វិញ គឺនៅតែមានការថមថយខ្លាំង បើយើងប្រៀបធៀបនឹងឆ្នាំ២០១៩ ពិសេសគឺប្រតិបត្តិការទិញ-លក់ដី នៅរាជធានីភ្នំពេញ។ ចំពោះសន្ទុះការទិញ-លក់ដីធ្លីនៅរាជធានីភ្នំពេញ មានភាពស្ងប់ស្ងាត់ ដោយសារតែកត្តា ទី១ វិនិយោគិនមួយចំនួន ដែលមានសាច់ប្រាក់ពិតប្រាកដ គឺគាត់មិនចង់បញ្ចេញសាច់ប្រាក់។ ទី២ ធនាគារដែលតែងផ្តល់ប្រាក់កម្ចីដល់អ្នកវិនិយោគវិស័យអចលនទ្រព្យ ឈប់ឱ្យកម្ចីសម្រាប់ការទិញអចលនវត្ថុ។

លោកឧកញ៉ា បន្តថា បើយើងនិយាយពីដីធ្លីនៅជាយរាជធានីភ្នំពេញវិញ យើងសង្កេតឃើញថា តំបន់មួយចំនួនដែលបានឡើងថ្លៃខ្ពស់ទៅហើយ មិនមានប្រតិបត្តិការទិញ-លក់ទៀតទេ។ ប៉ុន្តែនៅជាយរាជធានីភ្នំពេញ មានតំបន់ពីរឬបីកន្លែង នៅតែមានប្រតិបត្តិការទិញ-លក់ច្រើន ដោយសារតែតម្លៃនៅទាបនៅឡើយ ព្រោះចម្ងាយត្រឹមតែ៣០គីឡូម៉ែត្រ តម្លៃត្រឹម ១០ដុល្លារ/ម៉ែត្រការ៉េ ព្រមទាំងមានគម្រោងអភិវឌ្ឍន៍នានាពីរាជរដ្ឋាភិបាលថែមទៀត។

បើតាមអ្នកជំនាញរូបនេះ តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ព្រះសីហនុ ឬបណ្តាខេត្តផ្សេងៗ វិស័យដីធ្លីកាន់តែមានភាពស្ងប់ស្ងាត់ជាងរាជធានីភ្នំពេញទៅទៀត នៅឆ្នាំ២០២៣នេះ៕