លោក យ៉ង សាំងកុមារ៖ ក្នុងឆ្នាំនេះកម្ពុជាផលិតស្រូវលើសតម្រូវក្នុងស្រុកជាង ៦ លានតោនសម្រាប់ការនាំចេញ

សង្គម​ និង​សេដ្ឋកិច្ច

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្នុងឆ្នាំនេះកម្ពុជាផលិតស្រូវលើសតម្រូវការក្នុងស្រុកជាង ៦ លានតោនសម្រាប់ការនាំចេញជាអង្ករនិងស្រូវទៅកាន់ទីផ្សារអន្តរជាតិ ដែលពោរពេញទៅដោយការប្រកួតប្រជែងតម្លៃនិងគុណភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក យ៉ង សាំងកុមារ បានឱ្យដឹងថា បច្ចុប្បន្ន មានរោងម៉ាស៊ីនខ្នាតធំចំនួន១៩ បានចូលរួមសហការដើម្បីជួយដោះស្រាយបញ្ហាអត់ទីផ្សារ និងបញ្ហាតម្លៃ។ ក្រសួងកសិកម្ម បានសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្តល់ឥណទានពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាស៊ីនទាំងនេះ ដើម្បីបង្កើនការទិញស្រូវឲ្យបានទាន់ពេលវេលា និងឆ្លើយតបតាមគោលដៅកំណត់ ជាមួយនឹងការជួយសហការសម្របសម្រួលនៅតាមវាលពីមន្រ្តីកសិកម្មឃុំ ខេត្តនិងថ្នាក់ជាតិ។

លោកបញ្ជាក់ថា ក្នុងឆ្នាំនេះយើងផលិតស្រូវលើសតម្រូវការក្នុងស្រុកជាង ៦ លានតោនសម្រាប់ការនាំចេញជាអង្ករនិងស្រូវទៅកាន់ទីផ្សារអន្តរជាតិដែលពោរពេញទៅដោយការប្រកួតប្រជែងតម្លៃនិងគុណភាព ជាពិសេសជាមួយឥណ្ឌា ថៃ និងវៀតណាមដែលគ្រប់គ្រងទីផ្សារពិភពលោក៧០ភាគរយ។ជាមធ្យមនៅខែសីហានេះការប្រមូលផលស្រូវនៅកម្ពុជាប្រមាណ ៤០០០០ តោនក្នុងមួយថ្ងៃ។

បើតាមលោករដ្ឋលេខាធិការក្រសួងកសិកម្ម រាជរដ្ឋាភិបាលមិនទុកឲ្យកសិករអត់ទីផ្សារ និងសម្របសម្រួលឲ្យទាំងភាគីកសិករនិងរោងម៉ាស៊ីនទទួលបានតម្លៃសមរម្យដើម្បីរក្សានូវសមត្ថភាពប្រកួតប្រជែង ជីវភាពកសិករ និង និរន្តរភាពវិស័យស្រូវអង្កររបស់ជាតិ។

តាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា រយៈពេល៧ខែឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលកម្ពុជាទទួលបានពីការនាំចេញផលិតផលដំណាំមានជាង៣ ១៨៣ លានដុល្លារ ក្នុងនោះតម្លៃពីការនាំចេញស្រូវមានជាង៧៧៨ លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង ៣៣៩ លានដុល្លារ៕