រដ្ឋាភិបាលរបស់ប្រទេសអូស្រ្តាលី បានសម្រេចចិត្តដំឡើងអត្រាការប្រាក់របស់ខ្លួនចំនួន ៥ដងក្នុងឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០០៨ មក ដើម្បីទប់ស្កាត់ទៅនឹងអតិផរណាដែលបច្ចុប្បន្នស្ថិតនៅកម្រិតខ្ពស់ជាង ៤% នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅថ្ងៃទី៣ ខែវិច្ឆិកា ធនាគារកណ្តាលអូស្ត្រាលី (RBA) បានដំឡើងអត្រាការប្រាក់គោលចំនួន ២៥ពិន្ទុ ឬ ០,២៥% បន្ថែមទៀត ដែលធ្វើឲ្យអត្រាបច្ចុប្បន្នកើនឡើងដល់ ៤,៨៥%។ នេះជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មានរយៈពេល ១៨ឆ្នាំចុងក្រោយ។
ជុំវិញជំហាននេះធ្វើឡើងចំពេលដែលប្រទេសនេះបន្តជួបប្រទះនឹងអតិផរណាខ្ពស់។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ៤,៣% ក្នុងខែកញ្ញា ដែលខ្ពស់ជាងបន្តិចបើធៀបនឹង ៤% ក្នុងខែសីហា និងជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ខែចុងក្រោយផងដែរ។ ធនាគារកណ្តាល RBA ព្យាករថាអតិផរណានឹងបន្តកើនឡើងខ្ពស់ថែមទៀតនៅឆ្នាំក្រោយ ហើយទំនងជាមិនអាចត្រឡប់មកវិញនូវកម្រិតគោលដៅ ២-៣% របស់ខ្លួនរហូតដល់ចុងឆ្នាំ២០២៧ នោះទេ។
គួរជម្រាបជូនថា ក្រៅពីអូស្ត្រាលី ធនាគារកណ្តាលធំៗជាច្រើនទៀតទូទាំងពិភពលោកក៏បានដំឡើងអត្រាការប្រាក់ក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់អតិផរណាផងដែរ។ សហរដ្ឋអាមេរិក និងកាណាដាបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលជាងបីឆ្នាំ។ ហើយនៅក្នុងខែកញ្ញា ធនាគារកណ្តាលជប៉ុន (BOJ) បានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣១ឆ្នាំ ស្របពេលធនាគារកណ្តាលអឺរ៉ុប (ECB) ក៏បានរឹតបន្តឹងគោលនយោបាយផងដែរ៕

