កូរ៉េខាងជើងចេញមុខឆ្លើយតបវិញ ជុំវិញការចោទប្រកាន់ពី FBI ពាក់ព័ន្ធការហេគលុយរាប់ពាន់លានដុល្លារពី​ Binance

អន្តរជាតិ

កូរ៉េខាងជើង កាលពីពេលថ្មីៗនេះបានហៅការចោទប្រកាន់របស់ FBI ដែលថាខ្លួនជាអ្នកនៅពីក្រោយការលួចលុយជាង ៦ពាន់លានដុល្លារពីវេទិកាគ្រីបតូធំបំផុតរបស់ពិភពលោក Binance ថាជាការការបង្ករឲ្យមានការញុះញង់ដ៏ធ្ងន់ធ្ងរមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA នៅថ្ងៃទី២ ខែវិច្ចិកា លោកស្រី Kim Yo-jong ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់ការចោទប្រកាន់របស់ FBI ថាជារឿងមិនសមហេតុផល និងគ្មានអ្វីថ្មីឡើយ។

អ្នកស្រីថែមទាំងបានលើកឡើងពីការចោទប្រកាន់ពីមុនរបស់សហរដ្ឋអាមេរិក ដែលថាកូរ៉េខាងជើងជាអ្នកនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតទ្រង់ទ្រាយធំលើការិយាល័យប្តូរប្រាក់គ្រីបតូ Bybit កាលពីឆ្នាំមុនផងដែរ។

មិនតែប៉ុណ្ណោះ អ្នកស្រី Kim បានសង្កត់ធ្ងន់ទៀតថា៖ “ការដែលសហរដ្ឋអាមេរិកឃុបឃិតគ្នាបង្វែរមតិសាធារណៈអន្តរជាតិ និងទម្លាក់កំហុសមកលើពួកយើងរាល់ពេលដែលមានការវាយប្រហារតាមអ៊ីនធឺណិតក្នុងពិភពលោក គឺជាការបង្ករញុះញង់ផ្នែកនយោបាយដ៏ធ្ងន់ធ្ងរប្រឆាំងនឹងកូរ៉េខាងជើង”។

ជម្រាបជូនផងដែរថា ជុំវិញការលើកឡើងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីFBI បានប្រកាសកាលពីចុងសប្តាហ៍មុន ថា ក្រុមហេគឃ័រដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង ដែលគេស្គាល់ថា TraderTraitorគឺជាអ្នកនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិត ដែលបានលួចប្រាក់ចំនួន ៦,៣ពាន់លានដុល្លារពី Binance។ នេះត្រូវបានគេចាត់ទុកថាជាការហេគដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការិយាល័យប្តូររូបិយប័ណ្ណគ្រីបតូ៕