ក្រុមហ៊ុនមហាសេដ្ឋីកំពូល Adani ចុះកិច្ចព្រមព្រៀងបើកក្រុមហ៊ុនផលិតយន្តហោះនៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥ​ណ្ឌា Gautam Adani និងក្រុមហ៊ុន Embraer របស់ប្រទេសប្រេស៊ីល នឹងសហការគ្នាដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយនៅក្នុងប្រទេសឥណ្ឌា ដើម្បីផលិតយន្តហោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការសហការគ្នានេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Adani ដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋាន និងមានអាជីវកម្មក្នុងវិស័យការពារជាតិស្រាប់នោះ ចូលរួមចំណែកជំរុញវិស័យអវកាសរបស់ឥណ្ឌាបន្ថែមទៀត ជាមួយនឹងការផលិតយន្តហោះ ដោយរាប់ចាប់ពីការផលិតគ្រឿងផ្គុំ រហូតដល់គ្រឿងបន្លាស់។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រុមហ៊ុនទាំងពីរបាននិយាយថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការក្នុងការផលិតយន្តហោះ ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាកម្មក្រោយពេលលក់ និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះថាមានតម្លៃប៉ុន្មាននោះឡើយ។

ទន្ទឹមនឹងនេះ លោក Arjan Meijer ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Embraer Commercial Aviation បាននិយាយក្នុងសេចក្តីថ្លែងការណ៍នោះថា ៖”ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏សំខាន់សម្រាប់ Embraer ហើយភាពជាដៃគូនេះរួមបញ្ចូលគ្នានូវជំនាញអាកាសចរណ៍របស់យើងជាមួយនឹងសមត្ថភាពឧស្សាហកម្មដ៏រឹងមាំរបស់ Adani”។

ជម្រាបជូនផងដែរថា Embraer គឺជាក្រុមហ៊ុនផលិតយន្តហោះធំជាងគេបំផុតទីបីរបស់ពិភពលោក បន្ទាប់ពី Airbus និង Boeing ដោយពួកគេមានជំនាញខ្លាំងក្នុងការផលិតយន្តហោះក្នុងតំបន់ដែលដឹកអ្នកដំណើរចន្លោះពី ៧០ ទៅ ១៤០ នាក់៕​