ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤៥នាទី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។

យោងតាមក្រសួងការពារជាតិ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ កងកម្លាំងយោធាថៃបាននិងកំពុងបន្តធ្វើសកម្មភាពរាយបន្លាលួស ជីកប្រឡាយ សាងសង់លេណដ្ឋានថ្មីៗជាបន្តបន្ទាប់ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋស៊ីវិល។ ទង្វើបង្កការភ័យខ្លាច និងការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកបឹងត្រកួននេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ៧,៨៧៣នាក់ ស្មើនឹង ១,៨៦៩គ្រួសារ ក្នុងនោះមានកុមារចំនួន ១,៨៤៧នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញបាននៅឡើយ។
ចំពោះបញ្ហាព្រំដែននេះ ក្រសួងការពារជាតិបានគូសបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ។ កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនដែលភាគីទាំងពីរបានឯកភាពគ្នា ហើយប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធា។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងស្មោះត្រង់ និងខ្ជាប់ខ្ជួនបំផុត ក្នុងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងឯកសារពាក់ព័ន្ធនានា ដើម្បីឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងវិញនូវសន្តិសុខ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៅតាមតំបន់ព្រំដែនឱ្យបានឆាប់រហ័ស៕







