អ្នកជំនាញ បានលើកឡើងថា ខ្ជាយខ្មៅ ឬប្រទាលថ្លើមឆ្កែ ជារុក្ខជាតិមួយប្រភេទដែលមាននៅលើកំពូលភ្នំគូលែនតាំងពីសម័យបុរាណកាលមកម្ល៉េះ។ ខ្ជាយខ្មៅ ក៏ជារុក្ខជាតិម្យ៉ាងដែលគេអាចយកទៅធ្វើជាឱសថ និងកែច្នៃសម្ងួតទៅជាម្សៅខ្ជាយខ្មៅដែលមានប្រយោជន៍ច្រើនចំពោះសុខភាព មានគុណភាពខ្ពស់ និងមានតម្លៃខ្ពស់ថែមទៀត។

ថ្លែងប្រាប់អ្នកសារព៏ត៌មាន ក្នុងដំណើរទស្សនកិច្ចទៅកាន់ភ្នំគូលែន កាលពីចុងសប្តាហ៍នេះ លោក កែវ សុភ័ក្រ្ត មន្រ្តីបច្ចេកទេសរបស់អង្គការអាគ្រីស៊ុត ប្រចាំភ្នំគូលែន បានឱ្យដឹងថា ខ្ជាយខ្មៅ ឬប្រទាលថ្លើមឆ្កែ ជារុក្ខជាតិមួយប្រភេទដែលអាចយកដាំដុះនៅលើដីរាបធម្មតាបាន តែមិនមានប្រសិទ្ធភាពទេ ពោលកើតដើម កើតមើមដូចគ្នា តែមិនមានគុណប្រយោជន៍ខ្ពស់ដូចការដាំលើភ្នំនោះឡើយ។
លោកពន្យល់ដូច្នេះថា៖«ខ្ជាយខ្មៅជារុក្ខជាតិមើមមួយបែប ដែលមានសណ្ឋានដូចមើមខ្ជាយទូទៅដែរ ប៉ុន្តែស្លឹកវាខ្លីៗជាងបន្ដិច។ រុក្ខជាតិមួយនេះ អាចដាំដុះបានដោយមិនរើសដីទេ តែគុណភាពខុសគ្នា។ ប្រសិនបើដាំដុះនៅតំបន់ភ្នំ ដែលមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រចាប់ពី៤០០ម៉ែត្រ ទៅ៤៥០ម៉ែត្រឡើងទៅ រុក្ខជាតិឱសថមួយនេះ នឹងផ្តល់គុណប្រយោជន៍ ឬផលិតសមាភាពគោលសំខាន់ៗរបស់វាបានគ្រប់គ្រាន់ ពិសេសមានសារធាតុថ្នាំច្រើនជាង»។

មន្រ្តីបច្ចេកទេសខាងលើ បានបន្ថែមថា បច្ចុប្បន្នការដាំដុះខ្ជាយខ្មៅនៅលើកំពូលភ្នំគូលែន គឺកំពុងត្រូវបានដាំដុះ តាមបែបកសិកម្មកសិរុក្ខកម្ម មានន័យថាការធ្វើកសិកម្មប្រភេទនេះ គឺខ្ជាយខ្មៅ វាអាស្រ័យផលទៅនឹងធម្មជាតិ រុក្ខជាតិដទៃ ខណៈរុក្ខជាតិដទៃក៏អាស្រ័យផលជាមួយដំណាំនេះផងដែរ។

ខ្ជាយខ្មៅជាដំណាំងាយដាំដុះ តែពិបាកថែទាំនៅរដូវវស្សា ដែលធ្វើឱ្យដំណាំនេះ អាចរលួយបាន ហេតុនេះ ដើម្បីការពារពីការរលួយ អ្នកជំនាញណែនាំឱ្យដាំដុះវានៅលើធ្នើរាន ឬការច្រកការ៉ុង និងឧបករណ៍ប្លាស្ទិកណាមួយ ដើម្បីការពារបរិមាណទឹកនារវដូវភ្លៀង។ចំពោះការលក់វិញ ខ្ជាយខ្មៅបានតម្លៃគួរសម ដែលជួយឱ្យកសិករមានចំណូលសមរម្យ ជំនួសដំណាំចន្ទី ហើយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនបាន។នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកជំនាញរូបនេះ។
ដោយលោកបានបញ្ជាក់បែបនេះថា៖« ការដាំដុះរុក្ខជាតិប្រភេទនេះ គឺក្នុងមួយវដ្តជីវិតរបស់វា គឺជារុក្ខជាតិប្រកាន់រដូវ មានន័យថា យើងដាំពីខែមេសា ឬឧសភា យើងអាចប្រមូលផលនៅខែ តុលា វិច្ចិកា ឬខែធ្នូ ដូច្នេះអាយុកាលរបស់មានរយៈចន្លោះពី៨ ខែ ទៅ៩ខែ ទើបអាចប្រមូលផលបាន ហើយគ្រប់លក្ខណ្ឌដាក់ទាំងម្សៅ ដាក់ទាំងជីជាតិឪសថ»។
ជារួម ដោយសារតែរុក្ខជាតិលំបាកថែទាំ និងមានប្រយោជន៍មហាសាលចំពោះសុខភាព ទើបធ្វើឱ្យរុក្ខជាតិមួយប្រភេទនេះ មានតម្លៃថ្លៃ មានទីផ្សារល្អ ដែលអាចជួយលើកម្ពស់ជីវភាពកសិករបានកាន់តែប្រសើរ។

អ្នកជំនាញរូបនេះ បញ្ជាក់ថា៖« ខ្ជាយខ្មៅស្រស់ ១គីឡូតម្លៃ= ២៥០០០រៀល ,ខ្ជាយសម្ងួតហើយជាចំណិចតម្លៃ ១គីឡូ=៤៨ដុល្លារ ហើយបើកិនធ្វើជាម្សៅវិញ ១គីឡូ=៥២ដុល្លារ»។
សូមជម្រាបដែរថា ខ្ជាយខ្មៅជារុក្ខជាតិមួយប្រភេទ បច្ចុប្បន្ន ត្រូវបានពលរដ្ឋយកមកដាំតាមភូមិ ពិសេសនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ នៅឆ្នាំ២០១៨ មើមខ្ជាយខ្មៅ មិនសូវមានអ្នកចាប់អារម្មណ៍ពីអត្ថប្រយោជន៍របស់វាទេ ប៉ុន្ដែបន្ទាប់ពីមានក្រុមហ៊ុន និងអង្គការយករុក្ខជាតិនេះទៅកែច្នៃជាឱសថ និងភេសជ្ជៈ ទើបមានអ្នកចាប់ផ្ដើមចាប់អារម្មណ៍ដាំកាន់តែច្រើន ដែលធ្វើឱ្យមានអ្នកស្គាល់ជាបន្តបន្ទាប់ រីឯតម្លែលក់បានថ្លៃគួរសមដែរ។

រុក្ខជាតិនេះ មានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន បើតាមការសិក្សាថា ខ្ជាយខ្មៅវាអាចជួយពង្រឹងថាមពល និងកម្លាំង ជួយឱ្យរាងកាយរឹងមាំ,សម្រួលសរសៃឈាម និងបេះដូង, ជួយឱ្យឈាមរត់បានស្រួល និងគ្រប់គ្រងចង្វាក់បេះដូងឱ្យមានសុខភាពល្អ, ព្យាបាលបញ្ហាក្រពះ និងថ្លើម, ជួយដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារ រំលាយខ្លាញ់ ព្រមទាំងប្រឆាំងការរលាក ព្រមទាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយដល់សុខភាពទូទៅដែរ។
ចំពោះរបៀបប្រើប្រាស់វិញ យើងអាចយកធ្វើជាតែ ដើម្បីទទួលទានជាប្រចាំ។ ត្រាំស្រា៖ យកមើមស្រស់ ឬស្ងួតទៅត្រាំស្រា ដើម្បីធ្វើជាឱសថជំនួយកម្លាំង។ម្សៅខ្ជាយខ្មៅវិញ អាចឆុងជាមួយទឹកក្តៅឧណ្ហៗ ញ៉ាំរៀងរាល់ព្រឹក និងល្ងាច ហើយអាចធ្វើជាភេសជ្ជៈ ខណៈបច្ចុប្បន្នក៏មានការកែច្នៃខ្ជាយខ្មៅទៅជាភេសជ្ជៈសុខភាពសម្រាប់លក់នៅលើទីផ្សារផងដែរ។
ជាចុងក្រោយ អ្នកបច្ចេកទេសខាងលើក៏បានណែនាំឱ្យរួមគ្នាគាំទ្រ រុក្ខជាតិខ្ជាយខ្មៅ តាមរយៈការអភិរក្ស និងបង្កើនការដាំដុះដំណាំប្រភេទនេះបន្ថែមទៀត ដើម្បីពន្លឿនចរន្តសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅក្នុងតំបន់កាន់តែប្រសើរថែមទៀត៕ អត្ថបទ៖ ពិសី


