លោក ឃឹម ហ្វីណង់ណែនាំកសិករដាំចន្ទីលក្ខណៈគ្រួសារបានទិន្នផលទាប ឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីអាចទទួលប្រាក់ចំណេញល្អ

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលតម្លៃស្វាយចន្ទីធ្លាក់ចុះត្រឹមពីជាង ៥០០០រៀល ក្នុងមួយគីឡូក្រាម មកនៅត្រឹម ៤៥០០រៀល ក្នុងមួយគីឡូ ឬទាបជាងនេះទៅតាមតំបន់ កសិករដាំស្វាយចន្ទីមួយចំនួនមានការត្អូញត្អែរពីតម្លៃនេះ ត្រូវបានលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា បើថ្លៃគ្រាប់ស្វាយចន្ទី ៤៥០០រៀល/គីឡូ ពិតជាអាចផ្តល់ប្រាក់ចំណេញសមរម្យបានមែន ចុះហេតុអ្វីបានជាកសិករខ្លះចាប់ផ្តើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០រៀល មកនៅ ៤៥០០រៀល?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងលើទំព័រហ្វេសប៊ុក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា កសិករអ្នកដាំស្វាយចន្ទីមួយចំនួន ពិតជាអាចប្រឈមមុខនឹងការខាតបង់ពិតមែន ជាពិសេសកសិករដែលមានដីតូចៗ និងដាំជាលក្ខណៈគ្រួសារ។ ភាគច្រើនពួកគាត់នៅខ្សោយខាងផ្នែកបច្ចេកទេស ចំណាយថ្លៃដើមខ្ពស់ ទទួលបានទិន្នផលទាប និងមានការខ្វះខាតទុន ដែលបង្ខំឱ្យពួកគាត់ព្រមទទួលកម្ចីទិញធាតុចូលដែលមានការប្រាក់ខ្ពស់។ បើបូកផ្សំកត្តាទាំងអស់នេះចូលគ្នា ប្រាកដណាស់ដែលថាពួកគាត់ពិតជាកំពុងស្ថិតនៅកៀកនឹង«បន្ទាត់-ចំណេញខាត» សម្រាប់ថ្លៃ៤៥០០៛/គីឡូនេះ។ការវិភាគសេដ្ឋកិច្ចនៅក្នុងតារាងខាងលើ គឺជាទិន្នន័យដែលយោងតាមការសិក្សាយ៉ាងសុក្រឹត មិនតិចជាង១០ករណីផ្សេងៗគ្នានោះទេ តែការសិក្សាទាំងនោះសុទ្ធតែផ្អែកលើផលិតកម្មស្វាយចន្ទីដែលធ្វើឡើងក្រោមទម្រង់ជាសហគមន៍ និងអ្នកមានចម្ការធំៗ មានបច្ចេកត្រឹមត្រូវ ប្រើប្រាស់ពូជសុទ្ធល្អ(M23) ចំណាយថែទាំស្តង់ដាជាប្រចាំ និងទទួលបានទិន្នផលខ្ពស់។កត្តាថ្លៃតែមួយមុខពុំទាន់អាចធានាប្រាក់ចំណេញដល់កសិករបាននៅឡើយ ហើយនៅមានកត្តាគុណភាពនៃគ្រាប់ស្វាយចន្ទីមួយទៀត ដែលធ្វើឱ្យអ្នកដាំជាលក្ខណៈគ្រួសារ លក់មិនសូវបានថ្លៃ ដូចអ្នកដាំស្តង់ដានោះទេ។

លោកបន្តថា ការធ្លាក់ចុះនៃថ្លៃស្វាយចន្ទីពិតជាបានប៉ះពាល់ដល់ទឹកចិត្ត និងការរំពឹងទុករបស់កសិករតូចៗ។ កសិករប្រភេទនេះអាចជួបការលំបាកមុនគេ និងងាយរងសម្ពាធខ្លាំងជាងគេ ហើយក៏មិនមានលទ្ធភាពយកគ្រាប់ស្វាយចន្ទីទៅសម្ងួតទុកដើម្បីរង់ចាំថ្លៃល្អមកវិញដែរ ព្រោះពួកគាត់គ្មានទុនបង្វិលនោះទេ។ តាមបទពិសោធនៃឆ្នាំកន្លងមក ថ្លៃអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ផុតខែឧសភា បន្ទាប់មកវានឹងហក់ឡើងល្អជាធម្មតាវិញផងដែរ។ នេះគឺជាកត្តាជះឥទ្ធិពលពីខាងក្រៅ និងតែងកំណត់ដោយទីផ្សារអន្តរជាតិ មិនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាឡើយ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ជម្រើសល្អបំផុតមួយសម្រាប់កសិករដែលទន់ខ្សោយ និងអ្នកដែលដឹងខ្លួនថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាប គឺការពិចារណារួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ដើម្បីការពារពួកគាត់ពីហានិភ័យទាំងនេះ។ដោយសហគមន៍កសិកម្មទំនើបនឹងធ្វើឱ្យកសិករតូចៗ អាចមានសមត្ថភាពប្រកួតប្រជែង និងទទួលបានប្រាក់ចំណេញល្អ ដូចម្ចាស់ចម្ការធំៗបាន ព្រមទាំងអាចជួយដោះស្រាយនូវរាល់បញ្ហាដែលបានលើកឡើងខាងលើ ដោយសារកត្តាមួយចំនួន ដូចជា ការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ, ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយ ដែលធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប, ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និងផែនការអាជីកម្មរឹងមាំ, ការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និងក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់, ការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ក្រោមគោលការណ៍«សហគមន៍ជោគវាសនាតែមួយ»ដ៏រឹងមាំ។

គួរបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺរៀបចំអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ក្នុងការរៀបចំសហគមន៍កសិកម្មទំនើបនេះ មន្ត្រីកសិកម្មឃុំ សង្កាត់នឹងក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងការគំាំទ្រដល់ការកសាង និងទ្រទ្រង់ដំណើរការរបស់សហគមន៍។ បន្ថែមពីនេះ ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងមូលនិធិសហគមន៍កសិកម្មដែលដឹកនាំដោយរដ្ឋមន្ត្រី ក្រសួងកសិកម្ម នឹងត្រូវបង្កើតឡើងដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុ សំដៅធានានិរន្តរភាពនៃសហគមន៍កសិកម្មទំនើប និងបង្កើនភាពប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ៕