ក្រុមហ៊ុន TotalEnergies កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីទិញយកភាគហ៊ុនចំនួន ៣០% នៅក្នុងប្រភពបូមយកឧស្ម័ន Lang Lebah និង B14 ដែលស្ថិតនៅតំបន់ឈូងសមុទ្រក្បែររដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់បារាំងមួយនេះ ក៏នឹងដើរតួនាទីជាប្រតិបត្តិករសម្រាប់ប្រភពឧស្ម័នទាំងពីរនេះផងដែរ ដែលជាផ្នែកមួយនៃផែនការពង្រីកសកម្មភាពឧស្ម័នធម្មជាតិ LNG នៅតំបន់ឈូងសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Inspenet។

ជុំវិញប្រតិបត្តិការនេះផងដែរ ពាក់ព័ន្ធនឹងក្រុមហ៊ុនថាមពលខ្នាតយក្សដូចជា PETRONAS Carigali Sdn Bhd (PCSB), PTTEP និង KUFPEC ដែលសុទ្ធតែជាភាគីចូលរួមក្នុងគម្រោងទាំងនេះស្រាប់។ កិច្ចព្រមព្រៀងទាំងនេះនៅតែត្រូវការការអនុម័តពីស្ថាប័ននិយតករពាក់ព័ន្ធជាមុនសិន ទើបការផ្ទេរភាគហ៊ុនអាចត្រូវបានបញ្ចប់ជាស្ថាពរ។
គួរឲ្យដឹងថា ប្រភពបូមឧស្ម័នដ៏ធំទាំងពីរនេះ នឹងត្រូវបានអភិវឌ្ឍរួមគ្នា ដើម្បីទាញយកអត្ថប្រយោជន៍ពីធនធានដែលមាន និងផ្គត់ផ្គង់ដល់រោងចក្រផលិតឧស្ម័នធម្មជាតិរាវ (LNG) ដែលមានស្រាប់នៅក្នុងប្រទេសម៉ាឡេស៊ី។
យ៉ាងណាមិញ នៅពេលដែលប្រតិបត្តិការនេះត្រូវបានបញ្ចប់ នោះក្រុមហ៊ុន TotalEnergies នឹងកាន់កាប់ភាគហ៊ុនចំនួន ៣០% នៅក្នុងប្រភពឧស្ម័នទាំងពីរ និងទទួលខុសត្រូវលើប្រតិបត្តិការទាំងអស់។ ចំណែកឯក្រុមហ៊ុន PTTEP និង KUFPEC នឹងកាន់កាប់ភាគហ៊ុនចំនួន ២៥% ម្នាក់ ខណៈដែលក្រុមហ៊ុន PETRONAS Carigali នឹងរក្សាភាគហ៊ុនចំនួន ២០% ដែលនៅសល់៕

