ទំនាក់ទំនងរវាងប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយមហាសេដ្ឋីមានដាច់គេលើលោក Elon Musk ហាក់កំពុងធ្លាក់ចូលទៅក្នុងភាពល្អក់កករកាន់តែខ្លាំងឡើង បន្ទាប់ពីមានជម្លោះពាក្យសម្តី នៅលើបណ្តាញសង្គម នៅក្នុងពេលថ្មីៗនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន បានបង្ហាញឲ្យដឹងថា នៅក្នុងសង្គ្រាមពាក្យសម្តីនេះ ប្រធានាធិបតីអាមេរិក លោក ត្រាំ បានគំរាមផ្តាច់កុងតា្ររបស់រដ្ឋាភិបាលអាមេរិក ជាមួយបណ្តាក្រុមហ៊ុនរបស់លោក Musk ដែលបានធ្វើឲ្យភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះយ៉ាងគំហុក និងថែមទាំងបានធ្វើឲ្យទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិរូបនេះ ថយចុះអស់រាប់ពាន់លានដុល្លារ ផងដែរ។
នៅក្នុងការជួញដូរលើកចុងក្រោយ កាលពីថ្ងៃទី៥ ខែមិថុនា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានធ្លាក់ចុះអស់ជាង ១៤% ដែលនេះបានបង្ហាញឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន ខាតបង់អស់ ១៥២ពាន់លានដុល្លារឯណោះ។
ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន Bloomberg ក៏បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Musk ក៏បានខាតបង់អស់ចំនួនសរុបប្រមាណ ៩៨ពាន់លានដុល្លារ ផងដែរ ក្នុងរយ:ពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ក្រោយការថយចុះភាគហ៊ុនរបស់ Tesla នេះ។
ជម្រាបជូនផងដែរថា ជម្លោះបែកផ្សែងរវាងលោក ត្រាំ និងលោក Musk បានកើតឡើងបន្ទាប់ពីថៅកែ Tesla បានធ្វើការរិះគន់ធ្ងន់ៗទៅលើគោលនយោបាយចំណាយដ៏ច្រើនលើសលប់របស់រដ្ឋបាលលោ ត្រាំ ខណ:ពេលដែលប្រធានាធិបតីអាមេរិក ក៏បានរិះគន់វាយបកទៅលើលោក Musk វិញ ផងដែរ និងថែមទាំងបានគំរាមលុបចោលកិច្ចសន្យារបស់រដ្ឋាភិបាលអាមេរិកទាំងអស់ ជាមួយក្រុមហ៊ុនមហាសេដ្ឋីអាមេរិក រូបនេះថែមទៀតផង៕

