អ្នកឧកញ៉ា ម៉ុង ឫទ្ធី និងភរិយា វះកាត់ជំងឺដោយជោគជ័យ នៅប្រទេសសិង្ហបុរី ត្រៀមចេញពីមន្ទីរពេទ្យ​នៅចុងសប្តាហ៍នេះ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងភរិយា បានព្យាបាលវះកាត់ជំងឺបេះដូងដោយជោគជ័យ​ទាំងអស់គ្នា នៅប្រទេសសិង្ហបុរី និងត្រៀមចេញពីមន្ទីរពេទ្យ​ ត្រឡប់មកកម្ពុជាវិញនៅចុងសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ាអគ្គនាយក បានបង្ហោះរូបភាពនៅមន្ទីរពេទ្យ​ជាមួយកូនៗ ដោយលើកឡើងបែបនេះថា៖ “រូបខ្ញុំ​ និង​ភរិយា​សុទ្ធតែមាន​ជំងឺបេះដូង​ដូចគ្នា​ លោក​វេជ្ជបណ្ឌិត​តម្រូវ​ឱ្យមក​វះកាត់​ព្យាបាលជា​បន្ទាន់​ ទើបនៅថ្ងៃ​អាទិត្យ​ ​ទី១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ បានចេញដំណើរ​ពី​ភ្នំពេញ​ ហើយថ្ងៃចន្ទ​ ​​ទី២​​ ចូល​មន្ទីរពេទ្យធ្វើការ​វះកាត់​តំណាលគ្នា​។ ថ្ងៃ​អង្គារ ទី៣​ វេលាម៉ោង​១១ព្រឹក​ ​ម៉ោងនៅ​សិង្ហបុរី​ ចេញពី​មន្ទីរពេទ្យ​ទាំង​ពីរ​នាក់​ ការវះកាត់​ព្យាបាល​នេះ​ទទួល​បាន​ជោគជ័យ​ទាំងអស់គ្នា​ និង​អាច​វិលត្រឡប់​ទៅ​មាតុភូមិ​យើងវិញ​ចុង​សប្ដាហ៍​នេះហើយ​”។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏សូមថ្លែងអំណរគុណ​យ៉ាងខ្លាំង ​ចំពោះ​ប្រិយមិត្ត​យើងទាំងអស់​គ្នា​ ដែលតែងតែ​មានការ​ព្រួយបារម្ភ​ ព្រមទាំង​បានជូនពរ​ដល់រូបលោកនិង​ភរិយា​។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា លើវិស័យ​កសិឧស្សាហកម្ម រួមទាំងម្ចាស់ក្រុមហ៊ុនដាំដូងប្រេង រាប់ម៉ឺនហិកតា។ អ្នកឧកញ៉ា ក៏ជាម្ចាស់តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងថ្មី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា នៅខេត្តកំពង់ស្ពឺ ព្រមទាំងបច្ចុប្បន្នមានតួនាទីជាសមាជិកព្រឹទ្ធសភា ផងដែរ៕