ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសដាណឺម៉ាក បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដោយជោគជ័យ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីជាផ្លូវការរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា ក្រោមសហប្រធានភាពរបស់ លោក នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានអាស៊ី អូសេអានី អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន នៃក្រសួងការបរទេសដាណឺម៉ាក។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យអាទិភាពជាច្រើន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សុខាភិបាល ទេសចរណ៍ និងវប្បធម៌។ ជាពិសេស ភាគីទាំងពីរបានជំរុញការតភ្ជាប់រវាងវិស័យឯកជន ដើម្បីបើកច្រកវិនិយោគក្នុងវិស័យសក្ដានុពលខ្ពស់ ដូចជា ថាមពល ឧស្សាហកម្មកែច្នៃកសិផល និងការគ្រប់គ្រងធនធានទឹក សំដៅគាំទ្រកំណើនសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាព។ ក្នុងឱកាសនោះ ភាគីដាណឺម៉ាកបានកោតសរសើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគាំទ្រចក្ខុវិស័យកម្ពុជាក្នុងការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ត្រឹមឆ្នាំ២០២៩។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈលើក្របខណ្ឌពហុភាគី អាស៊ាន-ដាណឺម៉ាក និង កម្ពុជា-សហភាពអឺរ៉ុប ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដោយបានប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ភាគីកម្ពុជាបានជម្រាបជូនពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ នឹងត្រូវធ្វើឡើងនៅប្រទេសដាណឺម៉ាក៕





