ទូតវៀតណាម ចង់ឱ្យអ្នករកស៊ីកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាមផង

សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបង្ហាញទិសដៅប្រាប់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចង់ឱ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាមផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ រវាងលោក ស៊ុន ចាន់ថុល និងលោក Nguyen Huy Tang ភាគីទាំងពីរបានពិភាក្សាជុំវិញគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជជែកពិភាក្សា លើការពិនិត្យរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនវៀតណាមអាចជួបជជែកពិភាក្សាការងារ និងស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។

នាជំនួបនេះ លោកឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញក្ដីរំពឹងថា ប្រទេសទាំងពីរ នឹងអាចជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត ហើយលោកក៏បង្ហាញទិសដៅចង់ឱ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាមផងដែរ។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបប្រាប់លោកឯកអគ្គរដ្ឋទូតវៀតណាមអំពីកិច្ចការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចការងារវិនិយោគ រវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន។ ក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចដើរតួនាទីសម្របសម្រួលរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនពីបណ្ដាប្រទេសនានាអាចជួបគ្នា ដើម្បីជជែកពិភាក្សាស្វែងយល់ពីសក្ដានុពលផ្សេងៗក្នុងការវិនិយោគផងដែរ។ ក្នុងន័យនេះ លោកនឹងពិនិត្យលទ្ធភាព ឱ្យវិនិយោគិនពីប្រទេសទាំងពីរ អាចជួបជជែកពិភាក្សាដើម្បីស្វែងយល់ពីឱកាសវិនិយោគរវាងគ្នានិងគ្នាទៀតផង។

សូមជម្រាបជូនបន្ថែមថា ​អំឡុងពេលសម្តេចធិបតី ហ៊ុន​ ម៉ាណែត ​បំពេញ​ទស្សនកិច្ច​ផ្លូវការរយៈពេលពីរ​ថ្ងៃ​កាលពីពេលថ្មី​ៗនេះ នៅប្រទេស​វៀតណាម មេដឹកនាំ​កម្ពុជា-វៀតណាម ​បានសម្រេច​ឯកភាពគ្នា​ដាក់ទិសដៅ​ជំរុញទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​ប្រទេសទាំង២​ ឲ្យបានឈានដល់​កំរិត ២០​ប៊ីលានដុល្លារ ​ក្នុងពេលដ៏ខ្លី​ខាងមុខ​។ តាមរបាយការណ៍របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានឲ្យដឹងថា​ ទំហំពាណិជ្ជកម្ម​កម្ពុជា-វៀតណាម ​រយៈពេល១១ខែ ​ឆ្នាំ២០២៣ ​គឺមានជិត ៦ពាន់​លានដុល្លារអាមេរិក៕