នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ ចំនួន ២០ នាក់ ដោយបានលើកទឹកចិត្តឱ្យប្រើប្រាស់ឱកាសដ៏មានតម្លៃនេះផ្សព្វផ្សាយពីវឌ្ឍនភាពកម្ពុជាលើឆាកអន្តរជាតិ បង្កើតបណ្ដាញទំនាក់ទំនង និងក្រេបយកចំណេះដឹងមកអភិវឌ្ឍខ្លួន ក៏ដូចជាសង្គមជាតិវិញ។

ជំនួបនេះរៀបចំឡើងដើម្បីតម្រង់ទិស និងពង្រឹងស្មារតីយុវជនក្នុងការត្រៀមលក្ខណៈសម្បត្តិ មុនចេញដំណើរទៅកាន់ប្រទេសចំនួន ៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលនាវា (Port-of-call) មុនបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានអបអរសាទរ និងក្រើនរំឭកដល់យុវជនទាំងអស់ឱ្យដើរតួជា ទូតសុច្ឆន្ទៈ ដោយប្រកាន់ខ្ជាប់ឥរិយាបថល្អ បង្ហាញភាពវិជ្ជមាន វឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ភាពស្មោះត្រង់ រួសរាយរាក់ទាក់ ព្រមទាំងលើកស្ទួយមោទនភាពវប្បធម៌ខ្មែរដល់យុវជនបរទេស។

ទន្ទឹមនឹងនេះ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា យុវជនទាំងអស់នឹងធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជោគជ័យ ដោយបង្កើនពុទ្ធិ ក្រេបយកបទពិសោធពីប្រតិភូយុវជនអាស៊ាន និងជប៉ុន យកមកចែករំលែក និងប្រើប្រាស់សម្រាប់បម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សប្រកបដោយថាមពលក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថា ក្នុងកម្មវិធី SSEAYP លើកទី៥០ ខាងមុខនេះ ប្រតិភូយុវជនអាស៊ាន និងជប៉ុន នឹងរួមគ្នាផ្លាស់ប្ដូរមិត្តភាព វប្បធម៌ និងពិភាក្សាលើបញ្ហាសង្គម និងពិភពលោកសំខាន់ៗ ដូចជា ការទូតយុវជន ការអប់រំ បរិស្ថាន ទេសចរណ៍ និរន្តរភាពសេដ្ឋកិច្ច សុខុមាលភាពសង្គម សង្គមឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាដើម៕




