ក្នុងឱកាសដឹកនាំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវតែផ្សារភ្ជាប់ជាមួយការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ ដើម្បីធានាសុវត្ថិភាព និងការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ និងសិស្សានុសិស្សដែលរស់នៅក្នុងតំបន់ប្រឈមនឹងហានិភ័យ។


ពិធីនេះមានការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងអាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករសកម្មភាពមីន ប្រជាពលរដ្ឋ និងសិស្សានុសិស្សវិទ្យាល័យអូរសំព័រ។ នាឱកាសនោះ លោកបណ្ឌិត លី ធុជ បានសម្តែងក្តីព្រួយបារម្ភចំពោះការគំរាមកំហែងថ្មីពីសំណល់ជាតិផ្ទុះ ជាពិសេសគ្រាប់បែកចង្កោមក្នុងចំនួនដ៏ច្រើន ដែលយោធាថៃបានបន្សល់ទុកក្នុងសង្គ្រាមឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា កាលពីឆ្នាំ២០២៥។ ដើម្បីឆ្លើយតបបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ឱ្យពន្លឿនការកំណត់ទីតាំង និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាបន្ទាន់។
លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការការពារអាយុជីវិតពលរដ្ឋមិនអាចពឹងផ្អែកតែលើការបោសសម្អាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការអប់រំឱ្យពលរដ្ឋចេះសម្គាល់សញ្ញាគ្រោះថ្នាក់ និងដឹងពីវិធីគេចវេះ ព្រមទាំងបានណែនាំឱ្យប្រតិបត្តិករសកម្មភាពមីនពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។ ទន្ទឹមនឹងនេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានគូសបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការអប់រំនេះ ដើម្បីឱ្យសហគមន៍ និងសិស្សានុសិស្សមានការប្រុងប្រយ័ត្នខ្ពស់ សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងការពារសុវត្ថិភាពក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត៕


