ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺមានតម្លៃ៥ ០០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៥ ៤០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា រាជរដ្ឋាភិបាលបាន ១. បន្ដបណ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ។
បន្ថែមពីនោះផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសស់រុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥ ០០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៥ ៤០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕


