ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី និងលោកស្រី Najat Maalla Mj’id តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហិង្សាលើកុមារ (SRSG-VAC) បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងជិតស្និទ្ធ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈយ៉ាងផុសផុលអំពីការពង្រឹងប្រព័ន្ធការពារកុមារ ការលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការ និងលុបបំបាត់អំពើហិង្សាលើកុមារ។
នៅក្នុងជំនួបនោះ លោកស្រីរដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសិទ្ធិ និងសុខុមាលភាពកុមារ។ ជាមួយគ្នានេះដែរ លោកស្រី Najat បានកោតសរសើរចំពោះវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញនូវការគាំទ្រជាបន្តរបស់អង្គការសហប្រជាជាតិ ចំពោះគំនិតផ្ដួចផ្ដើមថ្នាក់ជាតិក្នុងវិស័យដ៏សំខាន់នេះ៕



