កម្ពុជា-វៀតណាម បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងមិត្តភាព និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុតំបន់

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ ហ័យ ជុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង មកកាន់កម្ពុជា ដោយបានគូសបញ្ជាក់ថា ទស្សនកិច្ចកម្រិតខ្ពស់ទាំងនេះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងស្ថិតស្ថេររវាងកម្ពុជា និងវៀតណាម ក្រោមស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអេកម៉ិក លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ ដែលគ្រោងនឹងប្រព្រឹត្តទៅចុងខែវិច្ឆិកានេះ នៅទីក្រុងហាណូយ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុតំបន់។

បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីវៀតណាមអំពីបច្ចុប្បន្នភាពតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃផងដែរ៕