កំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ខ្នង សរុប ៥៥បន្ទប់ ដែលជាអំណោយសប្បុរសធម៌របស់សមាគមឧកញ៉ាកម្ពុជា តាមរយៈគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» ជូនដល់សាលារៀនចំនួន៥ នៅខេត្តកំពង់ធំ។ ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងសុន្ទរកថាស្វាគមន៍វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងបានរាយការណ៍អំពីស្ថានភាពទូទៅ និងសមិទ្ធផលសំខាន់ៗរបស់ខេត្ត ជាពិសេសការអភិវឌ្ឍវិស័យអប់រំ។
ឯកឧត្តមបានបញ្ជាក់ថា តាមរយៈគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» សមាគមឧកញ៉ាកម្ពុជា ក្រោមការដឹកនាំរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានសាងសង់អគារសិក្សាថ្មីចំនួន ៥ខ្នង សរុប ៥៥បន្ទប់ រួមមាន៖ ១. វិទ្យាល័យ ទ្រៀល ចំនួន១ខ្នង កម្ពស់៣ជាន់ សរុប៣០បន្ទប់; ២. សាលាបឋមសិក្សា កកោះ ចំនួន១ខ្នង កម្ពស់២ជាន់ សរុប១០បន្ទប់; ៣. សាលាបឋមសិក្សា សមាគមឧកញ៉ាកម្ពុជា អូរសំបួរ ចំនួន១ខ្នង ៥បន្ទប់; ៤. សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ ចំនួន១ខ្នង ៥បន្ទប់; និង៥. សាលាបឋមសិក្សា ជន្លែង ភូមិថ្មី ចំនួន១ខ្នង ៥បន្ទប់។
គម្រោងនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងបានចំណាយពេលសាងសង់ប្រមាណ ១១ខែ និងប្រើប្រាស់ថវិកាអស់ ១,៤៤១,៥៦១ ដុល្លារអាម៉េរិក។ បន្ថែមពីលើការសាងសង់អគារសិក្សាថ្មី សមាគមក៏បានចូលរួមជួសជុលអគារចាស់ កែលម្អបរិវេណសាលា សាងសង់ខ្លោងទ្វារ ផ្លូវបេតុង និងផ្តល់សម្ភារៈចាំបាច់មួយចំនួនទៀត ដើម្បីធ្វើឱ្យបរិយាកាសសិក្សាកាន់តែមានភាពសមស្រប និងប្រសើរឡើង ដែលប្រើថវិកាអស់ ៤៧៦,១០៥ ដុល្លារអាម៉េរិក។
ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងសុន្ទរកថាគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធជាផ្លូវការនាថ្ងៃនេះ ជាពិសេសគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ដែលតែងតែផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់, ការគាំទ្រ និងការលើកទឹកចិត្តដល់សមាគមក្នុងការបំពេញបេសកកម្មមនុស្សធម៌ និងទំនួលខុសត្រូវសង្គម ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាពិសេសវិស័យអប់រំ និងការកសាងធនធានមនុស្ស។
លោកអ្នកឧកញ៉ាប្រធាន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តួចផ្តើមគំនិត និងគាំទ្រយ៉ាងពេញទំហឹងដល់គម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ», ឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត, អ្នកឧកញ៉ា លាង ម៉េង ប្រធានគម្រោង, និងអ្នកពាក់ព័ន្ធទាំងអស់ ដែលរួមចំណែកធ្វើឱ្យគម្រោងសម្រេចបានជាសមិទ្ធផលជាក់ស្តែងនាពេលនេះ។
ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិកសមាគមឧកញ៉ាកម្ពុជាទាំងអស់ ដែលបានរួមចំណែកបរិច្ចាគថវិកា សម្ភារៈ និងធនធានផ្សេងៗ ប្រកបដោយស្មារតីសប្បុរសធម៌ សាមគ្គីភាព និងទំនួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ចរបស់សមាគមឧកញ៉ាកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិ ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ។
សម្តេចបានកោតសរសើរ និងថ្លែងអំណរគុណចំពោះ សមាគមឧកញ៉ាកម្ពុជា ក្រោមការដឹកនាំរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានផ្តួចផ្តើម និងរួមគ្នាអនុវត្តគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» រហូតសម្រេចបាននូវសមិទ្ធផលអប់រំដ៏មានតម្លៃជាក់ស្តែង សម្រាប់សិស្សានុសិស្ស និងសហគមន៍នៅខេត្តកំពង់ធំ។
សម្តេចក៏បានគូសបញ្ជាក់ពីការចូលរួមរបស់ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានសមាគមស៊ីម៉ង់តិ៍កម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានជួយបន្ថែមលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅវិទ្យាល័យ ទ្រៀល ក្នុងទំហំថវិកាប្រមាណ ១០ម៉ឺនដុល្លារអាម៉េរិក។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា «ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ» ព្រោះការអប់រំជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ច និងជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។




























































