ស្តេចត្រាញ់អាជីវកម្មចម្រុះឥណ្ឌា វ៉ាដាច់ស្ថាបនិក TikTok ឡើងតំណែងជាមហាសេដ្ឋីមានដាច់គេនៅអាស៊ី

អន្តរជាតិ

យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ទស្សនាវដ្តី Forbes បានបង្ហាញថា លោក Mukesh Ambani បានវ៉ាដាច់លោក Zhang Yiming សហស្ថាបនិកក្រុមហ៊ុន ByteDance ដើម្បីក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការឡើងតំណែងរបស់លោក Ambani នេះ គឺបានកើតឡើងបន្ទាប់ពីភាគហ៊ុនរបស់ Reliance Industries ដែលជាក្រុមហ៊ុនរកស៊ីលើអាជីវកម្មចម្រុះ និងធំជាងគេបំផុតរបស់ឥណ្ឌា បានកើនឡើងជិត ១២% កាលពីដើមសប្តាហ៍នេះ។

យ៉ាងណាមិញ ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា លោក Ambani មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៨,៨ពាន់លានដុល្លារ ពោលគឺកើនឡើងប្រហែល ៨,៥ ពាន់លានដុល្លារបន្ថែមទៀត ត្រឹមតែពេលមួយថ្ងៃប៉ុណ្ណោះ ខណៈពេលដែលលោក Zhang បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៨៤ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Gautam Adani ដែលជាមហាសេដ្ឋីលំដាប់កំពូលមួយរបស់ប្រទេសឥណ្ឌា បច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់ទី៣ ក្នុងនាមជាអ្នកមានដាច់គេបំផុតរបស់អាស៊ី ជាមួយទ្រព្យសម្បត្តិសរុប ៨០,១ពាន់លានដុល្លារ និងជាប់លេខ២៦ នៅលើពិភពលោក៕​