ក្រុមហ៊ុន Meta បាននិយាយថា ខ្លួនកំពុងបង្កើនការវិនិយោគនៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI នៅទីក្រុង El Paso រដ្ឋតិចសាស់ ដល់ចំនួន ១០ពាន់លានដុល្លារ ដែលជាការកើនឡើងជាង ៦ដង ក្នុងគោលបំណងសម្រេចមហិច្ឆិតាសមត្ថភាព ១ ជីហ្គាវ៉ាត់ មុនពេលបើកដំណើរការមជ្ឈមណ្ឌលនេះនៅឆ្នាំ ២០២៨ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការវិនិយោគចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សរបស់អាមេរិកមួយនេះ កាលពីខែតុលា បានប្តេជ្ញាវិនិយោគចំនួនទឹកប្រាក់ចំនួន ១,៥ពាន់លានដុល្លារ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ El Paso ដែលជាមជ្ឈមណ្ឌលទី២៩ របស់ខ្លួន នៅទូទាំងពិភពលោក និងទីបីនៅរដ្ឋតិចសាស់។
គួរឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Meta, Amazon, Alphabet និង Microsoft បាននិងកំពុងប្រណាំងប្រជែងគ្នាដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI ហើយត្រូវបានគេព្យាករថានឹងចំណាយទឹកប្រាក់សរុបជាង ៦៣០ពាន់លានដុល្លារដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI ទាំងនោះ នៅឆ្នាំនេះ។
ជម្រាបជូនថា មជ្ឈមណ្ឌលផ្ទូកទិន្នន័យ នៅ El Paso នេះ នឹងនាំទៅរកការបង្កើតការងារថ្មីចំនួន ៣០០ កន្លែង នៅពេលដំណើរការ នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕

